ភ្នំពេញ ៖ បើតាមលោក វ៉ី សំណាង អភិបាលខេត្តតាកែវ ទីតាំងប្រាសាទ និង ទេសចរណ៍ទាំងនោះ គឺជាសក្តានុពលដ៏ទាក់ទាញ សម្រាប់ការស្វែងយល់ និងការកម្សាន្តរបស់ភ្ញៀវជាតិ អន្តរជាតិ បញ្ជាក់ថា ៖ តាកែវ ជាខេត្តវ័យចំណាស់ជាងគេមួយរបស់កម្ពុជា ដែលបានកកើតទឹកដី និងអារ្យធម៌ខ្មែរដំបូងបង្អស់ តាំងពីសម័យអាណាចក្រហ្វូណន ឬនគរភ្នំ។ ក្រៅពីប្រវត្តិសាស្ត្រដ៏យូរលង់ ខេត្តដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញមួយនេះ ក៏មាននូវប្រាសាទបុរាណ តំបន់ទេសចរណ៍វប្បធម៌ និងរមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានរំលេចអំពីតំបន់វប្បធម៌ប្រវត្តិសាស្ត្រ និងធម្មជាតិមួយចំនួនមានដូចជាភ្នំដា, ភ្នំបាយ៉ង់កោរ, ភ្នំជីសូរ្យ, ភ្នំតាម៉ៅ និងប្រាសាទតាព្រហ្មនៅទន្លេបាទី។ លើសពីនេះ ក៏មានរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិដូចជាប្រាសាទនាងខ្មៅ និងប្រាសាទភ្នំជីសូរ្យ ស្ថិតនៅក្នុងស្រុកសំរោងជាដើម។
ក្រៅពីរមណីយដ្ឋានទេសចរណ៍ទាំងនេះ លោកអភិបាលខេត្ត បានឱ្យដឹងបន្ថែមអំពីមូលដ្ឋានអាជីវកម្ម សម្រាប់បម្រើឱ្យសេវាកម្មម្ហូបអាហារផងដែរ។ ម្ហូបដែលសក្ដានុពលក្នុងខេត្តមានបង្កងធម្មជាតិ នឹងត្រូវបានចុះបញ្ជីសម្រាប់ផលិតផល សម្គាល់ ភូមិសាស្ត្រ ( G I ) ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លើសពីនេះ ក៏មានរមណីយដ្ឋានទេសចរណ៍កែច្នៃ ពោលគឺរមណីយដ្ឋានកំពូលពេជ្រ និង អន្លង់ភ្ញៀវ។ ក្នុងចំណោមតំបន់ទាំងនេះ មានរមណីយដ្ឋានដែលល្បី និងមានភាពទាក់ទាញភ្ញៀវទេសចរច្រើនមាន ភ្នំជីសូរ្យ, ភ្នំតាម៉ៅ, ទន្លេបាទី, កំពូលពេជ្រ, ភ្នំដា និងជ្រោះផ្អោក។ នេះបើតាមការលើកឡើងរបស់ លោក លោក វ៉ី សំណាង ក្នុងឱកាសបើកពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។
ទន្ទឹងនឹងនេះ នៅមានពងទាកូនពងទាកូនស្រែននោង ត្រូវបានទទួលស្គាល់ជាប្រភេទពងទាមានរសជាតិឆ្ញាញ់។ តាមរយៈការលើកឡើងរបស់ លោក វ៉ី សំណាង មួយថ្ងៃអាចទទួលបានទិន្នផលជាមធ្យមជាង ១១ម៉ឺនគ្រាប់ និងប្រមាណ ១០០លានគ្រាប់ នៅក្នុងមួយឆ្នាំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្ដល់កិច្ចសហការឱ្យបានល្អជាមួយក្រសួងទេសចរណ៍ ដើម្បីកំណើន និងផ្ដល់ភាពវិជ្ជមានដល់វិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន ផ្ដល់ជាប្រយោជន៍ជូនពលរដ្ឋកម្ពុជា ព្រមទាំងណែនាំឱ្យទុកឱកាសឱ្យសហគមន៍អភិវឌ្ឍន៍វិស័យទេសចរណ៍ឱ្យអស់លទ្ធភាពសិន មុននឹងផ្ដល់ឱ្យក្រុមហ៊ុនជន ឬវិស័យឯកជន វិនិយោគលើគម្រោង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ពលរដ្ឋនៅតាមសហគមតែងតែបង្ហាញក្ដីព្រួយបារម្ភនៅចំពោះមុខសម្ដេច ខ្លាចពេលក្រុមហ៊ុនចូលវិនិយោគនៅតំបន់ទេសចរណ៍ធម្មជាតិ គឺបាត់បង់ចំណូលរបស់ពួកគាត់ និងបាត់បង់អ្វីដែលជាតំបន់ទេសចរណ៍ធម្មជាតិ។ កន្លងមកមានសំណើរសុំឱ្យក្រុមហ៊ុន ឬវិស័យឯកជន ចូលវិនិយោគនៅតាមតំបន់ទេសចរណ៍ធម្មជាតិមួយចំនួន ប៉ុន្តែត្រូវបានសម្ដេចបដិសេធ ហើយណែនាំឱ្យបង្រៀនពលរដ្ឋ ពីរបៀបបដិសណ្ឋារកិច្ចភ្ញៀវ និងសាងសង់កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ បង្គន់អនាម័យបន្ថែមជូន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យធនាគារពាណិជ្ជកម្មជួយវិស័យទេសចរណ៍តាមសហគម តាមរយៈការពង្រឹងសមត្ថភាពសហគម។ ត្បិតថារដ្ឋាភិបាលផ្ដល់អាទិភាពឱ្យសហគមអភិវឌ្ឍន៍លើតំបន់ទេសចរណ៍ធម្មជាតិ ប៉ុន្តែសម្ដេចធិបតី អះអាងថា មិនមែនរដ្ឋាភិបាលបិទមិនឱ្យក្រុមហ៊ុន វិស័យឯកជនអភិវឌ្ឍន៍លើគម្រោងឡើយ។ ក្នុងន័យនេះ គឺក្រុមហ៊ុនអាចអភិ៍វឌ្ឍលើគម្រោងធំៗទាំងមូល។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រាប់ប្រជាពលរដ្ឋតាមសហគមន៍ថា កុំព្រួយ រដ្ឋមិនអនុញ្ញាតឱ្យក្រុមហ៊ុនធំ អភិវឌ្ឍគម្រោងតំបន់ទេសចរណ៍ធម្មជាតិ រហូតប៉ះពាល់ពលរដ្ឋឡើយ ព្រោះរដ្ឋតម្រូវឱ្យក្រុមហ៊ុនអភិវឌ្ឍក្នុងកម្រិតមួយ ដែលជួយបានទាំងសហគមន៍។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការនាំយកចំណូល នាំយកអាជីវកម្ម នាំយកការងារ នាំយកជីវកម្ម ធុរៈកិច្ចផ្សេងៗឱកាសដល់សហគមន៍ បង្រៀនសហគមន៍ឱ្យចេះធ្វើធុរៈកិច្ច មុនយើងយកអ្នធុរៈកិច្ចឱ្យចូលធ្វើការវិនិយោគឱ្យជំនួសសហគមន៍ បើអាចធ្វើទៅបានក្រសួង ស្ថាប័នរួមគ្នាពិនិត្យមើលជួយផលិតផលមួយចំនួន ប៉ុន្តែ ធ្វើយ៉ាងណាកុំឱ្យបាត់សណ្ឋាន ការទាក់ទាញនៃមូលដ្ឋាន ដែលធ្វើឱ្យបាត់សក្តានុពលរយៈពេលវែង។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កុំ Copy ពិបាកបំផុត គឺ Copy ឃើញកន្លែងហ្នឹងតំបន់ភ្នំល្អ ទៅ Copy យកមកម៉ូឌែលពី កំពង់សោម ឬរាជធានីភ្នំពេញ ទៅធ្វើអគារ ២០ជាន់ បាត់អស់ហើយ គឺអត់ចង់ទៅភ្នំមួយហ្នឹង ដែលមានសុទ្ធតែបុរី ពេញលើហ្នឹងទៀតទេ គេចង់ទៅកន្លែងណាដែលមានលក្ខណៈសាមញ្ញ»។
ទន្ទឹមនឹងនេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើធ្វើជារីសត សុំឱ្យធ្វើជាទម្រង់នៃស្ថាបត្យកម្ម ស្របតាមស្ថានភាពភូមិសាស្ត្រ ចំណុចនេះជាចំណុចសំខាន់បញ្ជាក់ពីភូមិសាស្ត្រតាមគោលដៅទេសចរណ៍នានា ជាក់ស្តែងនៅកោះបាលី, ហ្សារកាតា ជាចំណុចគោលដៅទេសចរណ៍ដ៏សំខាន់ជាដើម៕
ដោយ ៖ សិលា