ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួម ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥។
ពិធី «ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន» គឺជាការផ្តល់ឱកាសសម្រាប់ជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការ រួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មឥស្លាមសាសនានៅកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ផ្តល់នូវសិទ្ធិសេរីភាពក្នុងការប្រណិប័តជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មរវាងសាសនិកគ្រប់និកាយសាសនា និង ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនា។ ការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមរមនា ទាំងជាតិសាសន៍ និង សាសនា ក៏ជាផ្នែកមួយចំណែកនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនៅក្នុងសង្គមសន្តិភាពផងដែរ ។
ជាចុងក្រោយ សូមព្រះអល់ឡោះ ផ្តល់នូវរ៉ស់ម៉ាត់ ហ្ពឺរ៉កាត់ និងស្លើម៉ាត់ ជូនដល់បងប្អូនម៉ូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនម៉ូស្លីមទាំងអស់ ក្នុងការបន្តកាតព្វកិច្ចបួសខែរ៉ាម៉ាឌន ដោយជោគជ័យ ក្នុង ១សប្តាហ៍ចុងក្រោយនេះ៕
ដោយ៖ តារា