ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ និងសេរីភាពក្នុងជំនឿសាសនា។
ក្នុងឱកាសអញ្ជើញពិសាអាហារស្រាយបួសជាមួយ បងប្អូន ខ្មែរ-ឥស្លាមនៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចសប្បាយរីករាយដែលបានចូលរួមពិធីពិសាអាហារ ស្រាយ បួសខែរ៉ាម៉ាឌន ជាមួយ បងប្អូន ខ្មែរ-ឥស្លាម។
សម្តេចធិបតីបន្ថែមថា ប្រទសកម្ពុជា គ្មានការបៀតបៀន និងជម្លោះសាសនាឡើយ។ កម្ពុជាមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការប្រេះស្រាំជាតិសាសន៍ ការរើសអើងជាតិសាសន៍ ជាកត្តាមួយផ្នែកដែលនាំឱ្យមានការបែកបាក់ក្នុងសង្គម។ ហេតុនេះយើងត្រូវរួមសាមគ្គីគ្នា រក្សាសុខដុមភាពក្នុងសង្គម ដើម្បីកម្ពុជាមានសុខសន្តិភាពបានអង្វែងយូរ និងការអភិវឌ្ឍជានិរន្តរ៍។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាតំណាងសាសនាអ៊ិស្លាមនៅកម្ពុជា បានបញ្ជាក់ថា ៖ សហគមន៍អន្តរជាតិ បានកោតសរសើរចំពោះកម្ពុជា និងបានមកសិក្សាស្វែងយល់ដកយកបទពិសោធន៍ពីកម្ពុជា ចំពោះភាពសុខដុម(ការរួមរស់នៅជាមួយគ្នាដោយសេចក្ដីសុខ) នៃជាតិសាសន៍ និងសាសនា។ ឯកឧត្ដមបន្ថែមថា កម្ពុជាគឺជាប្រទេសគំរូមួយនៅក្នុងពិភពលោក និងគួរសហគមន៍អន្តរជាតិរៀនសូត្រតាម។
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាតំណាងសាសនាអ៊ិស្លាមនៅកម្ពុជា បានថ្លែងថា ៖ សាសនិកអ៊ិស្លាមនៅកម្ពុជា ដឹងគុណ និងតបស្នងសងគុណចំពោះសម្ដេចតេជោ និងសម្ដេចធិបតី តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានចំនួនដ៏ច្រើនលើសលប់ ដែលការតបស្នងសងគុណនេះ គឺស្របនឹងទស្សនៈរបស់សាសនាអ៊ិស្លាម ដែលតែងអប់រំឱ្យចេះដឹងគុណ និងតបគុណចំពោះអ្នកដែលបានជួយសង្គ្រោះ(ការរំដោះនៅថ្ងៃ ៧ មករា ១៩៧៩) និងផ្ដល់ក្ដីសុខដល់ខ្លួន៕
ដោយ ៖ សិលា