ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករតុងហ្គីលម៉ូដូកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធិចំនួន២គ្រឿងពីប្រទេសកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ អត្តពលិកកីឡាតុងហ្គីលម៉ូដូ កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធិចំនួន២គ្រឿងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឈុនជួ២០១៦វើលម៉ាស់សូអាតម៉ាស្ទើរស៊ីបនៅ ប្រទេសកូរ៉េ ។ នេះបើយោងតាមលោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធ កីឡាតុងហ្គីម៉ូដូកម្ពុជាបានថ្លែងប្រាប់កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ តាម ទូរស័ព្ទ ។

លោកអគ្គលេខាធិការរូបនេះបានឲ្យដឹងថា អត្តពលិកកីឡាតុងហ្គីលម៉ូដូកម្ពុជាដែលសហព័ន្ធបញ្ជូនទៅចូលរួមប្រកួតនៅព្រឹត្តិការណ៍ឈុនជួ២០១៦វើលម៉ាស់សូអាតម៉ាស្ទើរស៊ីប នៅប្រទេសកូរ៉េមានចំនួន ៥នាក់ ក្នុងនោះមានកីឡាការិនីម្នាក់បានចេញដំណើរតាំងពីថៃ្ងទី២ខែកញ្ញាកន្លងទៅ ហើយជាលទ្ធផលពួកគេដណ្តើមបានមេដាយសំរឹទ្ធិចំនួន២គ្រឿង។

លោកបន្តទៀតថា សម្រាប់ព្រឹត្តិការណ៍ នេះការប្រកួតពេញលេញមានរយៈពេល២ថៃ្ងគឺថៃ្ងទី៥ និងថ្ងៃទី៦ ខែកញ្ញា ដោយមានប្រភេទកីឡាយុទ្ធគុនចម្រុះចំនួន១៥ប្រភេទ មានប្រទេសបញ្ជូនអត្តពលិកឲ្យទៅចូល រួមប្រមាណជាង៦០ប្រទេស ដោយឡែកអត្តពលិកកីឡាតុងហ្គីលម៉ូដូវិញមានប្រមាណតែ១៦ប្រទេសប៉ុណ្ណោះ ។

លោកបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិ ការណ៍វើលម៉ាស់សូអាតម៉ាស្ទើរស៊ីបនេះ អត្តពលិកកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធិចំនួន២គ្រឿង គឺកីឡាការិនី ម៉ាន់ ស៊ីម៉ា រកបាន១គ្រឿងលើវិញ្ញាសាប្រយុទ្ធឯកក្តជន ប្រកួតឈ្នះកីឡាការិនីមកពីប្រទេសហ្វីុលីពីន និងប្រកួតចាញ់កីឡាការិនីប្រទេសថៃ។រីឯមេដាយសំរឹទ្ធិ១គ្រឿងទៀតរកបានលើ វិញ្ញាសាប្រកួតសម្តែងជាក្រុម ក្នុងនោះមានកីឡាការិនីម៉ាន់ស៊ីម៉ាកីឡាករសួនកុងស៊ុល និងកីឡាករតាំង ប៉ហេង។

លោកបញ្ជាក់ថា បន្ទាប់ពីចប់ការប្រកួត នេះទៅអត្តពលិកកីឡាតុងហ្គីលម៉ូដូកម្ពុជា នឹងបន្តចូលរួមវគ្គបណ្តុះបណ្តាលតុងហ្គីលម៉ូដូជាមួយប្រទេសផ្សេងទៀតចំនួន២ ថៃ្ង នៅប្រទេសកូរ៉េរហូតដល់ថៃ្ងទី៩ ខែកញ្ញា ឆ្នាំ២០១៦ទើបវិលត្រឡប់មក ប្រទេសវិញ ៕ សារីម

 

14225624_933345083460893_8072095074884842475_n តុងហ្គីលម៉ូដូ បានមេដាយសំរឹទ្ធិ តុងហ្គីលម៉ូដូ បានមេដាយសំរឹទ្ធិ១


ចែករំលែក៖