ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ បោកប្រាស់អ្នកដទៃក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង

ចែករំលែក៖

ភ្នំពេញ៖ ចាប់ឃាត់ខ្លួនបុរសម្នាក់ដែលបង្កើត Facebook Page ក្លែងក្លាយ ដើម្បីបោកប្រាស់អ្នកដទៃ ក្រោមរូបភាពផ្គត់ផ្គង់សាច់តាមហាង តែនៅពេលទទួលលុយកក់ហើយ បានប្រើគ្រប់មធ្យោបាយដើម្បីផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរដែលរងគ្រោះ។

ការចាប់ឃាត់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

ជនសង្ស័យដែលកម្លាំងជំនាញចាប់ឃាត់ខ្លួនឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ មានទីលំនៅនៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរាង ខេត្តតាកែវ។

ជនល្មើសរូបនេះបង្កើត Facebook Page ជាច្រើនដើម្បីបោកប្រាស់ប្រជាពលរដ្ឋ ក្នុងនោះមានទាំងភ្ញៀវបរទេសផងដែរ។

Facebook Page ទាំងអស់នោះរួមមាន៖

-សែនជ័យ ដង្ខៅជ្រូកសាច់

-សេវាកម្មទិញលក់ កសិផល និងផលិតផលកសិកម្មកម្ពុជា

-CAM-Growth Agri-Services Company

-សេវាកម្មផ្គត់ផ្គង់មាន់ និងទាសាច់ គ្រប់ប្រភេទ

-សេវាកម្មទិញលក់មាន់ស្រែកម្ពុជា

-សេវាកម្មទិញលក់មាន់គ្រប់ប្រភេទ និងគណនី Facebook ឈ្មោះ Ratha Kim

-Ratha Kim (ដង្ខៅ កសិកម្ម)

-ពាយ័ព្យដេប៉ូបោះដុំជ្រូកកណ្តុរ

-សែនជ័យ ដង្ខៅជ្រូកសាច់

-សេវាកម្មទិញលក់ មាន់ស្រែកម្ពុជា និងបានបង្កើតFacebook Pages និង Accounts ក្លែងក្លាយជាច្រើនទៀត ព្រមទាំងបណ្តាញតេលេក្រាម (Telegram) ដើម្បីឆបោកលុយពីជនជាតិបរទេស និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើនករណី។

ក្រោយពីជំនាញសាកសួរ ជនល្មើសរូបនេះ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើការឆបោកលុយពីជនជាតិខ្មែរ និងជនជាតិបរទេសជាច្រើនករណី តាមបណ្តាញសង្គម Facebook ពិតប្រាកដមែន នៅចំពោះមុខមន្ត្រីនគរបាលយុត្តិធម៌។ ដូច្នេះសូមជម្រាបជូនប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះពីការឆបោកលុយរបស់ឈ្មោះ គឹម រដ្ឋា អាចទំនាក់ទំនងមកដាក់ពាក្យបណ្តឹងបន្ថែមបាន នៅការិយាល័យនីតិវិធី នៃនាយកដ្ឋាននគរបាលទេសចរណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរៀងរាល់ម៉ោងធ្វើការ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖