ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និង ការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ ២០៥០។
សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១» នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
វេទិកាផ្សព្វផ្សាយស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១» សហការរៀបចំរវាងសភានៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រឹទ្ធសភា រដ្ឋសភា ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធប្រមាណ ៤០០ នាក់។
សម្តេចប្រធានរដ្ឋសភា មានសេចក្ដីសោមនស្សរីករាយក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់ លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញមកវិមានរដ្ឋសភា ចូលរួមវេទិកាផ្សព្វផ្សាយ ស្តីពី «វឌ្ឍនភាពនៃវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍» តាមរយៈការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១។ សម្តេចបានគូសបញ្ជាក់ថាវេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្ដល់នូវឱកាសដ៏មានតម្លៃជូនដល់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលសុទ្ធសឹងជា អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចែករំលែកពីវឌ្ឍនភាពការងារ ពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជំនាញ លើប្រធានបទនេះ ដែលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងគ្រប់គ្រង វិស័យនេះឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានកំណត់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលនឹងត្រូវតែជម្រុញ និងសម្រេចឱ្យបាន ដើម្បីកសាងសង្គមជាតិមួយមាន កំណើន សមធម៌ ចីរភាព និងសុខដុមនីយកម្ម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ច្រើនអនេក ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ លោក ហែម វណ្ណឌី សម្រេចបាន ក្នុងរយៈពេល ១៧ ខែ កន្លងមកនេះ ទាំងលើគោលនយោបាយ ការពង្រឹងការលើកកម្ពស់សមត្ថភាព និងកែលម្អស្ថាប័ន វិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្ម ការផ្គត់ផ្គង់ទឹកស្អាត ស្តង់ដារូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។
ជាមួយគ្នានេះ សម្តេច ក៏បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងលោក អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និង រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក លោកស្រី និងមន្ត្រីពាក់ព័ន្ធទាំងអស់ នូវកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការរៀបចំវេទិកានេះឡើង។ សម្តេច បានគូសបញ្ជាក់ថា សភា និងរាជរដ្ឋាភិបាលបាននិងកំពុងបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទទួលបាន នូវសមិទ្ធផល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូពហុវិស័យឱ្យបានកាន់តែរឹងមាំ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅលើវិស័យបច្ចេកវិទ្យានេះ ទោះបីជាមានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏ទទួលស្គាល់ថានៅមានបញ្ហាប្រឈម និងរបាំងផ្សេងៗ ដែលចាំបាច់ត្រូវទទួលស្គាល់ បន្តសិក្សា ស្វែងយល់ និងដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រីកសក្ដានុពលរបស់វិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍជាតិ ដូចជាកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ធនធាននៅមានកម្រិត និងគម្លាតក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ហាប្រឈម ដែលយើងត្រូវធ្វើការប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ។
សម្តេចប្រធានរដ្ឋសភាបានស្នើដូច្នេះថា “យើងត្រូវការជាចាំបាច់នូវវិធីសាស្រ្ត មធ្យោបាយ និងលទ្ធភាពសម្រាប់កែលម្អ និងអនុវត្តគោលនយោបាយនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសស្របតាមផែនទីបង្ហាញផ្លូវរបស់វិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០។ សង្គមទាំងមូល ត្រូវតែយល់ច្បាស់ពីតម្លៃ និងទទួលយកវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងជីវិតរស់នៅ និងការប្រកបការងារគ្រប់វិស័យ និងគ្រប់កម្រិត។ ការវិនិយោគនិងការកៀរគរធនធាន ក្នុងវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីជំរុញសេដ្ឋកិច្ចរបស់យើងឱ្យតាមទាន់សេដ្ឋកិច្ចក្នុងតំបន់ ជាកត្តាចាំបាច់”។ សម្តេច បានសង្កត់ធ្ងន់ថា “យើងចាំបាច់ត្រូវពង្រឹងភាពជាដៃគូវិស័យឯកជននិងសាធារណៈ សាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត”។
សូមជម្រាបថាសិក្ខាសាលាស្តីពី «វឌ្ឍនភាពនៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១» ដំណើរការពេញមួយថ្ងៃ ដោយនៅក្នុងនោះមានវាគ្មិនដែលជាអ្នកជំនាញនិងពាក់ព័ន្ធជាច្រើន បានអញ្ជើញមកធ្វើបង្ហាញដើម្បីជាធាតុចូល ក៏ដូចជាការលើកយោបល់សំខាន់ៗ បញ្ហាប្រឈមនានានៅក្នុងការជំរុញវឌ្ឍនភាពនៃវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ អង្គសិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះ បង្ហាញពីការបំពេញមុខងាររបស់សភាកម្ពុជានៅក្នុងការរួមសហការជាមួយរាជរដ្ឋាភិបាលដោយយកផលប្រយោជន៍ពលរដ្ឋជាស្នូល ក្នុងការគំាទ្រនិងជំរុញកម្មវិធីនយោបាយនិងគោលការណ៍នានាឱ្យសម្រេចទៅមុខ ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន៕
ដោយ ៖ សិលា