ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកកំពង់ត្រឡាច ផ្អាកអាជីវកម្មខ្សាច់នៅភូមិអ្នកតាហាង បន្ទាប់ពីរកឃើញថាគ្មានច្បាប់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋទាក់ទិនករណីឡានដឹកខ្សាច់អាជីវកម្ម១កន្លែង ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដឹកជញ្ជូនខ្សាច់មិនគោរពច្បាប់,ដឹកពេញហៀរទ្រុង ជ្រុះខ្សាច់ និងហូរទឹកពេញផ្លូវ បង្កផលប៉ះពាល់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ដែលកំពុងមានយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការកែលម្អ សោភ័ណភាពតាមបណ្តាក្រុងស្រុក ដើម្បីត្រៀមទទួលអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាចឱ្យដឹងថា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរបានចាត់ក្រុម ការងារជំនាញ ចុះពិនិត្យជាក់ស្តែង ដឹកនាំដោយលោក កើ ម៉ាត់ អធិបាលរងស្រុកកំពង់ត្រឡាច មានការចូលរួមដោយកំលាំងជំនាញព្រហ្មទណ្ឌ ជំនាញចរាចរណ៍ ស្រុកកំពង់ត្រឡាច និងប៉ុស្តិ៍រដ្ឋបាល កំពង់ត្រឡាច បានចុះត្រួតពិនិត្យការរដ្ឋានបូមខ្សាច់ ១កន្លែង នៅចំណុច អូរអន្លង់វែង ស្ថិតនៅភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច។

ក្រោយពីពិនិត្យឃើញថា ទីតាំងបូមខ្សាច់ខាងលើពុំទាន់មានច្បាប់អនុញ្ញាតនៅឡើយ។ ដូចនេះក្រុមការងារបានធ្វើកំណត់ហេតុផ្អាកជាបណ្ដោះអាសន្ន រងចាំមានច្បាប់ត្រឹមត្រូវ។

គួរបញ្ជាក់ថា កន្លងមកជំនាញនគរបាលចរាចរណ៍ ស្រុកកំពង់ត្រឡាច បានដាក់ផែនការណែនាំអប់រំ ម្ចាស់អាជីវកម្មខាងលើជាញឹកញាប់ហើយដែរថា ខ្សាច់ធ្វើយ៉ាងណាឱ្យខ្សោះទឹកសិន ចាំដឹកចេញ ជៀសវាងទឹក ហូរធ្លាក់លើផ្លូវ បង្កឱ្យមានការរអិលនាំកើតមានគ្រោះ ថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ និងខូចសោភ័ណភាពផ្លូវសាធារណៈ និងបានណែនាំមិនឱ្យបើកបរដឹកខ្សាច់ចូលនៅផ្លូវផ្សារសាលាលេខប្រាំនោះទេ ព្រោះជាទីប្រជុំ ជនជៀសវាងការបាចទឹកលើគេ លើឯង ប៉ុន្តែលទ្ធផលដូចជាមិនបានអនុវត្តតាមការណែនាំនេះទេ។ 

ទោះយ៉ាងណាទីតាំងអាជីវកម្មខ្សាច់ខាងលើត្រូវបានសមត្ថកិច្ចផ្អាកមិនឲ្យដំណើរការជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នេះ រង់ចាំមានច្បាប់ត្រឹមត្រូវសិន៕

ដោយ៖ សូរិយា


ចែករំលែក៖