នៅពេលដែលយើងច្រូតកាត់ និងរៀបចំស្រូវទុកដាក់ស្រួលហើយ ទើបអង្គការបានឲ្យកុមារត្រឡប់ទៅក្នុងភូមិស្រុកវិញ ប៉ុន្តែមនុស្សចាស់ៗនៅធ្វើការបន្តទៀត។ ក្រោយមកអង្គការបានឲ្យខ្ញុំទៅចាំទួលសម្រាប់បោះតង់។ទួលនោះមានព្រៃត្រែងដុះលិចៗក្បាលជុំវិញ។ ខ្ញុំខ្លាចពោះណាស់។ខ្ញុំសុំអង្គការអត់នៅទួលទេហើយសុំទៅដេញចាបជំនួសវិញ។ នៅពេលដែលខ្ញុំទៅដេញចាបមេឃក្តៅហែង ហើយខ្ញុំខ្ជិលឈរក៏ដោះអាវពីខ្លួន និងដោះកន្សែងពីក្បាលយកទៅធ្វើទីងមោងឲ្យចាបផ្អើល រួចយកដាក់ចំកណ្ដាលវាលស្រែហើយខ្ញុំអង្គុយស្រែកដេញចាបក្នុងម្លប់។ បន្ទាប់មកកងទ័ពខ្មែរក្រហមពីរនាក់បានដើរមកឃើញខ្ញុំអង្គុយខ្លួនទៅទេអត់កន្សែង និងអត់អាវដូច្នោះកងទ័ពខ្មែរក្រហមម្នាក់ក៏បានដោះកន្សែងហុចឲ្យខ្ញុំ។ ស្អែកឡើងពេលថ្មើរហ្នឹងកងទ័ពខ្មែរក្រហមដដែលបានមកដល់កន្លែងខ្ញុំចាំចាបម្ដងទៀត។ គាត់ពាក់អាវខ្មៅបង់កន្សែងឆ្នូតក្រហម ពាក់មួកនិងពាក់ស្បែកជើងកង់ឡាន បានមកសុំខ្ញុំធ្វើជាប្អូនធម៌របស់គាត់។ គាត់និយាយមកកាន់ខ្ញុំថា គាត់បានបែកពីប្អូនដែលមានមុខមាត់ស្រដៀងនឹងខ្ញុំ។ ខ្ញុំមិនយល់ពីអ្វីដែលគាត់បាននិយាយនោះទេហើយខ្ញុំចេះតែគ្រវីក្បាល។ ខ្ញុំមិនដឹងពាក្យប្អូនធម៌មានន័យថាដូចម្ដេចនោះទេ។ ក្រោយមក ខ្ញុំឈឺអង្គការបានឲ្យខ្ញុំសម្រាក។ ស្អែកឡើងខ្ញុំបានឃើញមុខកងទ័ពម្នាក់នោះមកដល់កន្លែងខ្ញុំទៀត។គាត់ប្រាប់ថា គាត់បានទៅរកខ្ញុំដល់ទួលចាំចាប តែបាត់ខ្ញុំទើបគាត់មកដល់ទីនេះ។ សិក្សាបានសួរខ្ញុំថា ហេតុអ្វីបានខ្ញុំស្គាល់គាត់? ខ្ញុំបានរៀបរាប់តាមដំណើររឿងប្រាប់ទៅសិក្សា។ ស្អែកឡើងកងទ័ពម្នាក់នេះយកថ្នាំមកឱ្យខ្ញុំហើយប្រាប់សិក្សាថា ឲ្យជួយមើលប្អូនរបស់ខ្ញុំផង។ បន្ទាប់មកកងទ័ពនោះបានលើកដៃចង្អុលទៅផ្ទះដែលមានប្រក់សង្គសីនៅក្បែរនោះរួចនិយាយថា ពេលប្អូនរបស់ខ្ញុំជាឲ្យទៅលេងនឹងខ្ញុំផង។ បន្ទាប់ពីកងទ័ពខ្មែរក្រហមផ្ដាំដូច្នោះ សិក្សាបានដាំបបរ និងអាំងត្រីងៀតឲ្យខ្ញុំហូប។ កងទ័ពនោះគឺជាអ្នកយកត្រីងៀត ក្រណាត់ខ្មៅ និងស្បែកជើងមួយគូ។ ប៉ុន្តែទំហំធំនិងជើងសិក្សា រួចសិក្សាក៏យកពាក់។ សិក្សាអត់សូវប្រើខ្ញុំដូចពេលមុនទេ ហើយថែមទាំងបានសួរមកខ្ញុំថា អូនឯងមានបានទៅលេងផ្ទះបងកងទ័ពនោះរួចឬនៅ? សិក្សាប្រាប់ថាបើទៅបងជាអ្នកជូនទៅ។ខ្ញុំមិនបានទៅទេ។កងទ័ពមកលេងខ្ញុំមានគ្នាបីនាក់និងសួរសុខទុក្ខខ្ញុំជាច្រើន។
រំលងបានប្រហែលមួយអាទិត្យអង្គការបានចាប់ផ្ដើមឲ្យខ្ញុំដេញចាប់កណ្ដុររាប់ក្បាលឱ្យអង្គការទៀតហើយ។ នៅម៉ោងប្រហែល ៨ ព្រឹក ខ្ញុំបានកាប់ដៃផុងផ្លែចប រួចអើតមើលទៅរន្ធធំដោយក្នុងចិត្តត្រេកអរថាមានកណ្ដុរធំណាស់ហើយមើលទៅ។ ខ្ញុំបានកាប់ដីបង្វិលចុះឡើងនៅតែមិនទាន់ដល់ ចំណែកឯសិក្សាវិញដើរមើលពីក្រោយ និងជួយកាប់ខ្ញុំខ្លះដែរ។ ខ្ញុំលូកដៃចូលរន្ធនោះចាប់កណ្ដុរ ស្រាប់តែឮសំឡេងគ្រហឹម។ ខ្ញុំស្ទាបទៅរាងរលោងៗដោយគិតថាជាកណ្ដុរប្រេង។ នៅពេលដែលខ្ញុំតោងខ្លាំងស្រាប់តែជាសត្វពស់ទៅវិញ។ វាបានបុកធ្លុះដីហើយរត់គេចខ្លួនពីខ្ញុំ។ ខ្ញុំ និងសិក្សាភ័យញ័រទាំងខ្លួន។ កងទ័ពខ្មែរក្រហមបានឃើញដូច្នោះ នាំគ្នាដេញចាប់ហើយវាយសត្វពស់នោះងាប់ទៅ។ កងទ័ពទាំងអស់នោះថាគឺជាពស់វែករនាម។ បន្ទាប់មកកងទ័ពបានយកពស់នោះទៅធ្វើជាបបរគ្រឿង។ ខ្ញុំក៏បានហូបបបរដែរ។ ថ្ងៃមួយទៀតខ្ញុំ និងមិត្តម្នាក់បានដើរដល់កន្លែងចាស់ៗជាន់រហាត់ទឹកបង្ហូរដាក់ស្រូវ។ ថ្ងៃត្រង់ ចាស់ៗសម្រាក ខ្ញុំនឹកឃើញចង់ទៅជាន់រហាត់ទឹកលេង។ ខ្ញុំនិយាយទៅទាវថា ទាវទាវអើយ! តោះទៅជាន់រហាត់ទឹកលេងម្ខាងម្នាក់ទៅរៀនជាន់រហាត់ទឹក។ ខ្ញុំមិនទាន់ដើរដល់រហាតទឹកផង ខ្ញុំឃើញពស់ពីរក្បាលនៅក្រោមរហាត់ទឹកកំពុងតែបើកវែកប៉ុន្តែពេលនោះ ខ្ញុំគិតថា ពស់នោះកំពុងតែរាំ។ ខ្ញុំបានហៅទាវឲ្យជួយមើលថា ពស់រាំស្អាតណាស់។ យាយម្នាក់ឮខ្ញុំនិយាយដូច្នោះ គាត់មកទាញកាន់ដៃខ្ញុំម្ខាង និងទាញដៃទាវម្ខាង រត់រំលងមួយស្រែទើបគាត់ឈប់រត់ទាំងហត់ដង្ហក់។ យាយគាត់ភ័យស្លុតឃើញខ្ញុំទៅលេងជាមួយពស់ដែលកំពុងតែរកចឹកខ្ញុំ។
មិនយូរប៉ុន្មាន កងទ័ពវៀតណាមបានចូលតាមស្រុកភូមិរបស់ខ្ញុំ។ពេលខ្ញុំនៅស្រែ ខ្ញុំបានឃើញមានឡានធំៗដឹកកងទ័ពវៀតណាម។ ម្ខាងទ័ពប៉ុលពត ម្ខាងទៀតទ័ពវៀតណាមប្រយុទ្ធគ្នាទៅវិញទៅមក។ ស្ថានភាពក្នុងប្រទេសជ្រួលច្របល់ខ្លាំងណាស់។មនុស្សម្នានាំគ្នារត់គេចពីគ្រាប់ផ្លោង និងការបាញ់របស់កងទ័ពទាំងពីរ។ អ្នកខ្លះរត់បែកពីបងប្អូនអស់។ ម្ដាយឪពុករបស់ខ្ញុំ ប្អូនរបស់ខ្ញុំ ទៅទិសខាងកើត។ ខ្ញុំនិងបងឡុងរត់ទៅទិសផ្សេងទៀត។ យើងរត់តាមផ្លូវក្រាបផង លូនផងខ្លាចត្រូវគ្រាប់។ ខ្ញុំរត់តាមផ្លូវរហូតទៅដល់ទីណាកាយដីដាំបាយត្រង់នោះ។ យូរៗទៅខ្ញុំអស់អង្ករហើយបានសម្រេចចិត្តនាំគ្នាចូលមើលតាមផ្ទះអ្នកភូមិដែលរត់គេចចេញបាត់។ នៅពេលដែលខ្ញុំរកបានស្រូវយើងយកទៅបុកនិងយកមកអុំ។ ខ្ញុំនឹងបងឡុងចេះតែធ្វើៗទៅ ឲ្យតែបានដាំបាយហូប។ បន្ទាប់មកខ្ញុំបានឃើញចាស់ៗរត់ហើយយើងរត់តាមចាស់ៗបន្តទៀត។ ខ្ញុំនឹងបងឡុងបានរត់ទៅដល់ស្រុកទ្រាំង រួចបានជួបជាមួយនឹងបងសុខដែលគាត់កំពុងតែគ្រុនញាក់ហើយក៏បានជួបនឹងបងខ្លឹមដែរ។ បងឡុងត្រូវអង្គការប្ដេជ្ញាឲ្យមានប្ដីរួចហើយ។បងខ្លឹមជាអ្នកស្នើ។ បងខ្លឹមបានដើរមករកបងឡុងគ្រប់ទិសទី។ពេលដែលគាត់បានជួបបងឡុងហើយ គាត់បានហៅបងឡុងឲ្យទៅជាមួយ។ ខ្ញុំបានប្រាប់បងឡុងឲ្យទៅជាមួយប្ដីរបស់គាត់ចុះ។ ចាប់ពីពេលនោះមកខ្ញុំបានបែកពីបងឡុង ហើយដើរជាមួយបងសុខវិញ។ បងសុខដើរយឺតៗ។
ខ្ញុំដឹកដៃបងសុខ ហើយកាន់របស់របរដៃម្ខាងទៀត។ ពេលដែលខ្ញុំដើរយូរៗទៅខ្ញុំបានប្រទះឃើញម្ដាយរបស់ខ្ញុំ រួចបន្ទាប់មក ក៏ជួបឪពុក និងបងប្អូនរបស់ខ្ញុំនៅត្រពាំងអណ្ដើក។ កងទ័ពវៀតណាមបានដកទ័ពទៅវិញម្ដងហើយសភាពការណ៍បានស្ងាត់មួយរយៈខ្លី។ គ្រួសាររបស់យើងបានមករស់នៅភូមិលាយបូរវិញ។យើងជញ្ជូនស្រូវបានច្រើនដាក់ពេញជង្រុក។ មិនយូរប៉ុន្មានការប្រយុទ្ធគ្នារវាងខ្មែរក្រហមនិងកងទ័ពវៀតណាមបានចាប់ផ្ដើមសាជាតិថ្មីម្ដងទៀតធ្វើឲ្យប្រជាជនរត់ឈូឆរចេញពីផ្ទះ។ គ្រួសាររបស់ខ្ញុំបានរត់ទៅហួសអង្គតាសោម រហូតដល់ស្ងប់ស្ងាត់ទើបត្រត្រឡប់មកផ្ទះវិញ។
បន្ទាប់ពីប្រទេសជាតិស្ងប់ស្ងាត់បន្តិច ឪពុករបស់ខ្ញុំបានទៅមើលផ្ទះរបស់ខ្ញុំនៅភ្នំពេញដែរ ប៉ុន្តែកងទ័ពវៀតណាមបានចូលទៅនៅពេញខាងក្នុងផ្ទះ។ គាត់ប្រាប់ថាផ្ទះធំៗ ឬកងទ័ពវៀតណាមនៅពាសពេញអស់ទៅហើយ។ ឪពុករបស់ខ្ញុំបានកប់មាសក្រោមការ៉ូក្នុងដំណាក់ព្រះអង្គម្ចាស់កាលុញនៅឯទួលគោកមុនចេញពីភ្នំពេញ ប៉ុន្តែពេលដែលគាត់ទៅមើល គាត់បានឃើញកន្លែងនោះត្រូវបានគេកកាយយកបាត់អស់ទៅហើយ។ម្ដាយរបស់ខ្ញុំនៅសល់មាស ៣តម្លឹង។ គាត់បានយកមាសនោះទៅលក់ទិញអង្ករហូប។ យើងរស់នៅជួបជុំគ្នាសាជាថ្មីនៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវជាប់រហូតមក។ ប្រជាជននៅក្នុងភូមិធ្វើស្រែរួមគ្នាអស់រយៈពេលពីរឆ្នាំហើយ។ ក្រោយមកទើបមានការបែងចែកជាកម្មសិទ្ធិឯកជន។ បងឡុងកើតបានកូនស្រីម្នាក់។ យើងទទួលបានក្មួយស្រីដំបូងនៅក្នុងគ្រួសារដែលមានឈ្មោះគន្ធា។ ចាស់ទុំបានរៀបចំពិធីរៀបការបងឡុង និងបងខ្លឹមទៅតាមប្រពៃណីខ្មែរ៕ (ចប់ដោយបរិបូណ៌)