ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនយានយន្ត និងអេឡិចត្រូនិកចំនួន​ ៣នៅខេត្តស្វាយរៀង បង្ហាញភាពជោគជ័យក្នុងការវិនិយោគនៅកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ខេត្ត​ស្វាយរៀង​៖​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដំណើរទស្សនកិច្ចសិក្សារបស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។

ជាក់ស្ដែង​លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ដឹកនាំដោយ លោក អ៊ឹម សួរ អគ្គលេខាធិការងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញនេះ​ បានចុះទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកដែលមានទីតាំងនៅខេត្តស្វាយរៀងចំនួន ៣ រួមមាន៖ ១) ក្រុមហ៊ុន Ozmech Machinery Co., Ltd. ផលិតធុងទឹករថយន្តគ្រប់ប្រភេទ, ២) ក្រុមហ៊ុន CLEVERWISE ELECTRIC (CAMBODIA) Co., Ltd. ផលិតគ្រឿងបង្គុំអំពូលភ្លើង, និង ៣) ក្រុមហ៊ុន T.Y ELECTRIC Co., Ltd., ផលិតអំពូលភ្លើងលម្អរគ្រប់ប្រភេទ។ 

ប្រភពដដែលបន្តថា​ គោលបំណងនៃការចុះទស្សនកិច្ចនេះគឺដើម្បីយល់ដឹងពីប្រតិបត្តិការ ខ្សែច្រវាក់ផលិតកម្ម បញ្ហាប្រឈម និងសំណូមពររបស់ក្រុមហ៊ុនក្នុងវិស័យទាំង២នេះ ដើម្បីជាធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព ២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បានបន្តថា​ ជារួម ក្រុមហ៊ុនទាំង៣ បានបង្ហាញភាពជោគជ័យក្នុងការវិនិយោគនៅកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចសម្រួលវិនិយោគជូនវិនិយោគិនកន្លងមក៕

ដោយ​៖ តារា​


ចែករំលែក៖