ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី នៅវិមានសន្តិភាព។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី លោក ជាសមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ចៅក្រម ព្រះរាជអាជ្ញា លោកស្រី លោក ដែលជាមន្រ្តីជាន់ខ្ពស់ អញ្ជើញមកពីតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រមាណជាង ៥០០នាក់។
បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់មូលវិចារ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខំប្រឹងប្រែងសម្រេចនូវសមិទ្ធផលការងារ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្រ្ត ជាពិសេស ការអនុវត្តអនុសាសន៍គន្លឹះរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងអនុសាសន៍ចំនួន ១២ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រ និងការផ្តល់តួនាទីស្រ្តីចូលរួមក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា កម្ពុជាបានលេចត្រដែតឡើង ឈានមុខ និងមានការទទួលស្គាល់ជាអន្តរជាតិ ក្នុងការងារអភិវឌ្ឍនិងលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ ហើយជឿជាក់ថានៅឆ្នាំក្រោយៗទៀត កម្ពុជានឹងទទួលបានសមិទ្ធផល និងការវាយតម្លៃកាន់តែប្រសើរជាងនេះទៀត។ ទាំងនេះ គឺជាការចូលរួមដ៏វិជ្ជមានរបស់ស្ត្រីសម្រាប់ប្រយោជន៍ជាតិ និងសង្គមជាតិ តាមរយៈមូលដ្ឋានគ្រឹះចំនួន៣ គឺ
ទី១. ការអភិវឌ្ឍមូលធនមនុស្ស ដែលជាអាទិភាពទី១របស់រាជរដ្ឋាភិបាល ជាពិសេសស្ត្រីដែលមានមុខងារពហុវិមាត្រ (Multi-dimensional Function)។
ទី២. ការរួមបញ្ចូលរវាងធនធានវប្បធម៌ដែលកម្ពុជាមានក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំ ជាមួយនឹងបច្ចេកវិទ្យាឱ្យទៅជាសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) ។
និង ទី៣. មូលធនសង្គម គឺជាការរួបរួមគ្នា យោគយល់គ្នា ជួយគ្នា ការចេះសណ្តោសគ្នា ចេះចាប់ដៃគ្នា សាមគ្គីភាព ក្នុងការចូលរួមធ្វើកិច្ចការដែលជាផលប្រយោជន៍រួមនិងផលប្រយោជន៍ជាតិ ធានានូវភាពធន់នឹងវិបត្តិ ហើយស្ត្រីជាឆ្អឹងខ្នងក្នុងកិច្ចការទាំងនេះ។
លោក វង្សី វិស្សុត បានលើកឡើងថា យើងទាំងអស់គ្នាគោរពដឹងគុណជានិច្ចចំពោះ សម្តេចតេជោ ដែលកន្លងមក ម្ខាង, បានជំរុញការលើកកម្ពស់ស្ថានភាពស្រ្តីនៅគ្រប់វិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងម្ខាងទៀត, គឺគុណតម្លៃនៃ «សន្តិភាពនិងការអភិវឌ្ឍ» របស់សម្តេចតេជោ ដែលជាបរិស្ថានគ្របដណ្ដប់មិនអាចខ្វះបាន ធ្វើឱ្យស្ត្រីមានឱកាស និងតួអង្គចូលរួមគាំទ្រមានឱកាស ក្នុងការជួយស្ត្រី គាំទ្រស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ និងបន្ថែមពីនេះ ការបន្តយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងថាមពលរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការបន្តជំរុញសមភាពយេនឌ័រតាមវិស័យ និងឈានទៅសម្រេចគោលដៅអាទិភាពកសាងសង្គមកម្ពុជាមួយ ដែលមានមូលធនមនុស្សប្រកបដោយភាពធន ចីរភាព និងបរិយាបន្ន។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរ អំពីបញ្ហាសមត្ថភាព (Capacity) និងឱកាស (Opportunity) ដែលត្រូវតែដើរទន្ទឹមគ្នា ក្នុងការលើកកម្ពស់សិទ្ធិនិងសមភាពយេនឌ័រដែលមានកត្តាចូលរួមចំនួន៣ គឺ ទី១. ការអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពទាំងបុរសនិងនារី និងជាពិសេសឱ្យមានការយល់ដឹង ភ្ញាក់រលឹក ចូលរួម និងគាំទ្រដល់ការលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រ ដោយចាប់ពីគ្រួសារខ្លួនឯង កន្លែងធ្វើការ និងសង្គម ស្របតាមទិសស្លោក «លើកតម្កើងស្ត្រី គឺផ្ដល់តម្លៃខ្លួនឯង» ទី២. និយាមសង្គម និងនិយាមវប្បធម៌ ដែលដើរតួនាទីស្នូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវគិតគូរឡើងវិញអំពីឧបសគ្គសេដ្ឋកិច្ច សង្គម និងវប្បធម៌នានា (Economic, Social and Cultural Barriers) និង ទី៣. ច្បាប់និងការអនុវត្តច្បាប់ ដោយត្រូវពង្រឹងការអនុវត្តច្បាប់ជាធរមាន ឱ្យមានប្រសិទ្ធភាព។
ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចធិបតីនាយករដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងនូវអនុសាសន៍ចំនួន ១២ចំណុច ដោយបានសម្រួចខ្លឹមសារចាំបាច់មួយចំនួន ពីអនុសាសន៍ឆ្នាំ២០២៤ ដើម្បីបង្កើនការចូលរួមស្របតាមការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ងាយស្រួលក្នុងការតាមដាន លទ្ធផលការងារ និងការប្រមូលធាតុចូលរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ព្រមទាំងបានស្នើឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ចូលរួមគិតគូររៀបចំនិយាមសង្គម ពោលគឺទាំងនិយាមសម្រាប់ស្រ្តី និងសម្រាប់បុរស ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងសុខដុមនីយកម្មក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូល ជាមួយនឹងការបញ្រ្ជាបការស្វែងយល់ពីគ្នាទៅវិញទៅមករវាងបុរសនិងស្រ្តី (Empathy and Sympathy) និងដោះស្រាយអំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា និងដាក់ទោសឱ្យធ្ងន់បំផុតចំពោះអ្នកប្រព្រឹត្តអំពើហិង្សាលើស្ត្រី និងក្មេងស្រី ដោយគ្មានការលើកលែងសំដៅកសាងសង្គម ដែលកាន់តែមានការយោគយល់ ប្រកបដោយសហថាមពល ដើម្បីភាពរីកចម្រើនទាំងអស់គ្នា និងភាពសុខដុមរមនាទាំងអស់គ្នា ស្របតាមទិសស្លោក «ម្នាក់ៗដើម្បីសមភាពយេនឌ័រ សមភាពយេនឌ័រដើម្បីម្នាក់ៗ»៕
ដោយ ៖ សិលា