ភ្នំពេញ៖ បុរសម្នាក់បើកឡំប្រឺតាទៅបុកម៉ូតូរ៉ឺម៉កដឹកអេតចាយក្រឡាប់ផ្ងារជើងម្ចាស់ឡំប្រឺតា ទារថ្លៃសំណងពីម្ចាស់រុឺម៉កដឹកអេតចាយ ៥០០ដុល្លារ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅ លើផ្លូវជាតិលេខ៦ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីម្ចាស់រុឺម៉កបានឲ្យដឹងថា នៅមុនពេលកើត ហេតុ គាត់បានបើករុឺម៉កដឹកអេតចាយ តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីជើងទៅត្បូង ពីរនាក់ប្អូនរបស់គាត់ ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់ ទើបសម្រេចឈប់ក្បែរចិញ្ចើមផ្លូវ រួចលើកយកដែកធំៗដែលមានក្នុងរទេះចុះមកក្រោម រួចពួកគាត់ធ្វើការដោះកង់ចេញ ដើម្បីយកទៅប៉ះកង់។
បុរសម្ចាស់រ៉ឺម៉កបានបន្តទៀតថា មុនពេលយកកង់ទៅប៉ះ គាត់បានផ្តាំប្អូនឱ្យយាមរ៉ឺម៉ក រួចយកថង់ទៅដាក់នៅក្បែរចិញ្ចើមផ្លូវ ដើម្បីជាសញ្ញា ក្រែងអ្នកបើកបរមើលមិនឃើញ ។ បន្ទាប់ពីប៉ះកង់រួចត្រឡប់មកវិញ ស្រាប់តែឃើញរ៉ឺម៉ករបស់គាត់ រងការខូចខាត និងឃើញម៉ូតូឡំប្រឺតា១គ្រឿងក្រឡាប់ក្បែរនោះ ទើបដឹងថាម៉ូតូឡំប្រឺតាបើកមកបុក ។
បន្ទាប់ពីបុករួច ម្ចាស់ម៉ូតូឡំប្រឺតាបានទាមទារសំណងពីម្ចាស់រ៉ឺម៉កចំនួន៥០០ដុល្លារ ទាំងដែលគាត់បើកបរខ្វះការប្រុងប្រយ័ត្ន ចាប់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុករ៉ឺម៉កខ្លួនឯង ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកវាស់វែង យកម៉ូតូឡំប្រឺតា និងម៉ូតូសណ្តោងរ៉ឺម៉ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំភាគីទាំសងខាងចូលខ្លួនទៅដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ