ខេត្តព្រះវិហារ៖ លោកយាយម្នាក់ដែលផ្ទះចាស់របស់គាត់បានរងគ្រោះដោយអគ្គិភ័យឆាបឆេះអស់ទាំងស្រុងកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៥នោះ ពេលនេះក្រុមការងារបណ្តាញស្ត្រី នៃមន្ទីរព័ត៌មានខេត្តព្រះវិហារបានចុះសាងសង់ផ្ទះថ្មីជូនគាត់ហើយ។
ការចុះសាងសង់ផ្ទះថ្មីជូនលោកយាយដែលផ្ទះរបស់គាត់ត្រូវភ្លើងឆេះនោះក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារបានចុះជួយនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីប្រជាពលរដ្ឋអ្នកភូមិនោះផងដែរ។
លោកយាយរងគ្រោះឈ្មោះ ឆាំ ធាវ អាយុ៦៨ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះថា ថ្ងៃនេះក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រជាពលរដ្ឋ បានចុះជួយលើកផ្ទះថ្មីមួយខ្នង សាងសង់អំពីឈើ ប្រក់ស័ង្កសី ជូនលោកយាយវ័យចំណាស់ដែលផ្ទះចាស់របស់គាត់ត្រូវបានភ្លើងឆេះអស់ទាំងស្រុង កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។
លោកស្រីប្រធានមន្ទីរបានថ្លែងបញ្ជាក់បន្ថែមថា ការសាងសង់ផ្ទះថ្មី ជំនួសផ្ទះចាស់ជូនលោកយាយវ័យចំណាស់នាពេលនេះ គឺតបតាមការស្នើសុំពីលោកយាយ ដោយទឹកមុខក្រៀមក្រំ និងក្តីអស់សង្ឃឹម ដោយគាត់បានរៀបរាប់ប្រាប់លោកស្រីថា ផ្ទះដែលឆេះនេះគឺជាផ្ទះរបស់កូនគាត់ដែលកំពុងធ្វើការនៅឯប្រទេសថៃឯណោះ។ ដោយឡែកលោកយាយគ្រាន់តែរស់នៅចាំផ្ទះឱ្យកូន និងមើលចៅ ហើយម្យ៉ាងទៀតគាត់ខ្លាចកូនត្រឡប់មកស្រុកវិញស្តីបន្ទោសដល់រូបគាត់ ទើបធ្វើឱ្យគាត់មានការភិតភ័យនិងលើកដៃសំពះសុំលោកស្រីជួយគាត់ផង។
ដោយក្តីអាណិតអាសូរលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានសន្យាជាមួយលោកយាយថា នឹងសាងសង់ផ្ទះថ្មីជូនគាត់វិញ។
ថ្ងៃនេះបំណងប្រាថ្នារបស់លោកយាយបានសម្រេចហើយ ដោយក្រុមការងារបណ្តាញស្ត្រីនៃមន្ទីរព័ត៌មានខេត្ត ដោយមានការរួមចំណែកពីប្រជាពលរដ្ឋរស់នៅជិតខាង បានជួយសាងសង់ផ្ទះថ្មីជូនលោកយាយ ដែលធ្វើឱ្យគាត់សប្បាយចិត្តរកពាក្យអ្វីមកថ្លែងពុំបាន ក្រៅពីលើកដៃសំពះអរគុណនោះឡើយ៕
ដោយ ៖ ជីវ័ន្ត