ព័ត៌មានទាន់ហេតុការណ៍៖

ប្រុសស្រី២នាក់បានរងរបួសធ្ងន់ខណៈបើកម៉ូតូចេញពីធ្វើការបានជួបគ្រោះថ្នាក់នៅស្តុបអូរឬស្សី

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាឆ្លងផ្លូវបែកជាបួន ទៅបុករថយន្តស៊េរីទំនើប១គ្រឿង ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ១៨២កែងផ្លូវលេខ១៦១  ក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើកម៉ូតូម៉ាកហុងដា Scoopy ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1IW-9528 ឌុបស្រ្តីម្នាក់ជាមីងរបស់ខ្លួន ធ្វើដំណើរពីកើតទៅលិច ។ ខណៈមកដល់ចំណុចស្តុបអូរឫស្សី ស្រាប់តែមានរថយន្តស៊េរីទំនើប១គ្រឿងម៉ាក Mercedes Benz ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា Mr. Denis បើកបរដោយយុវជនម្នាក់ រួមដំណើរដោយនារីម្នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង គោលបំណងឆ្លងស្តុប ក៏ស្រាប់តែមិនប្រយ័ត្ន បុកគ្នានៅផ្លូវបំបែកតែម្តង ។ 

នៅក្នុងហេតុការណ៍នេះបានបង្កឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់២នាក់ ចំណែករថយន្តត្រូវបានម៉ូតូបុកចាំផ្នែកខាងមុខខាងស្តាំ បណ្តាលឲ្យបែកកញ្ចក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងទៅកាន់រថយន្តសាមុយ ដើម្បីបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះបន្ទាន់ ។ ចំណែកភាគីខាងរថយន្ត ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឫស្សី២។

បន្ទាប់ពីកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញវាស់វែង និងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំភាគីទាំងសងខាង ដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖