មេដឹកនាំអាស៊ាន និងចិនបានសន្យាថា នឹងរក្សាការអត់ធ្មត់ ក្នុងការដោះស្រាយវិបត្តិនៅដែនសមុទ្រភាគខាងត្បូង ។ ការសន្យានោះ ស្ថិតនៅក្នុងសេចក្តីប្រកាសរួមក្រោយកិច្ចប្រជុំនៅទីក្រុងវៀនចាន់ ប្រទេសឡាវ។
សារព័ត៌មាន Strait Times បានដកស្រង់សេចក្តីប្រកាសរួមបញ្ជាក់ថា «យើងសូមបញ្ជក់ ពីការគោរព ក៏ដូចជាសន្យាចំពោះសេរីភាពចរាចរណ៍ដែនសមុទ្រ ដែនអាកាស នៅតំបន់សមុទ្រចិនភាគខាងត្បូងដែលទទួលស្គាល់ដោយច្បាប់អន្តរជាតិ ក្នុងនោះមានច្បាប់ស្តីពីដែនសមុទ្រ របស់ អង្គការសហប្រជាជាតិ UNCLOS ឆ្នាំ១៩៨២ ។ ទន្ទឹមនឹងនោះ នឹងដោះស្រាយវិវាទដែនអធិបតេយ្យ ដោយសន្តិវិធី តាមរយៈកិច្ចពិភាក្សា មិនចាំបាច់គម្រាមកំហែងដោយអាវុធ ។ កិច្ចពិភាក្សាធ្វើឡើយដោយភាគីពាក់ព័ន្ធផ្ទាល់ សមស្របទៅនឹងច្បាប់អន្តរជាតិ» ។
នៅក្នុងសេចក្តីប្រកាសរួមលើកនេះ ធ្វើឡើងចំពេលខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតទំនាក់ទំនង ពិភាក្សា រវាងចិន នឹង អាស៊ាន។ នៅក្នុងសេចក្តីប្រកាសរួមរបស់អាស៊ានចិន បានបញ្ជាក់ថា «យើងបានសន្យារក្សាការអត់ធ្មត់ក្នុងការអនុវត្តសកម្មភាព ដែលអាចធ្វើឲ្យមានភាពស្មុគស្មាញ និងតានតឹងកាន់តែខ្លាំងឡើង ប៉ះពាល់ដល់សន្តិភាព ស្ថេរភាពក្នុងតំបន់» ។
ដើម្បកាត់បន្ថយការប៉ះទង្គិចគ្នាជាយថាហេតុ ភាគីទាំងពីរ ក៏បានឯកភាពអនុវត្តិច្បាប់បញ្ចៀសការប៉ះទង្គិចទាំងនៅលើដែនសមុទ្រ ដោយមានបណ្តាញទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយហេតុការណ៍បន្ទាន់។
ភាពតានតឹងរវាងចិន នឹងប្រទេសតំបន់អាស៊ាន បានកើនឡើងជាបន្តបន្ទាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក់ព័ន្ធក្នុងបញ្ហាជម្លោះដែនអធិបតេយ្យ។ ចិនបានប្រកាសពីដែនអធិបតេយ្យរបស់ខ្លួនគ្រប់គ្រងនៅសមុទ្រចិនភាគខាងត្បូង ស្ទើរតែទាំងស្រុង បើទោះបីមានការប្រឆាំងពីសហគមន៍អន្តរជាតិក្តី ។ មិនត្រឹមតែប៉ុណ្ណោះ ចិនបានប្រើប្រាស់អំណាចយោធាដើម្បីគ្រប់គ្រងនៅទីនោះទៀតផង ៕ ម៉ែវ សាធី