ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រាវជ្រាវមានជំនឿថា «បុណ្យឆេងម៉េង» នៅតែចាំបាច់សម្រាប់ប្រជាជនខ្មែរ កាត់សែស្រឡាយចិន ព្រោះជាមរតក នៃវប្បធម៌ដឹងគុណ

ចែករំលែក៖

ភ្នំពេញ ៖ ឲ្យតែដល់ដើមខែមេសា រៀងរាល់ឆ្នាំ ជាពិសេស នៅឆ្នាំ២០២៥នេះ ចំសប្តាហ៍ក្រោយ ប្រជាជនខ្មែរតែងតែនឹកដល់ពិធីបុណ្យប្រពៃណី របស់ប្រទេសចិនមួយ នោះគឺ បុណ្យឆេងម៉េង។ សម្រាប់កម្ពុជា ពិធីបុណ្យនេះ នៅតែសំខាន់ សម្រាប់ប្រជាជនខ្មែរជាច្រើន ជាពិសេស អ្នកកាត់សែស្រឡាយចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានបានប្រាប់ឲ្យដឹង នៅថ្ងៃទី២៧ ខែមីនានេះថា «ពិធីបុណ្យឆេងម៉េង នៅតែចាំបាច់ សម្រាប់ប្រជាជនខ្មែរកាត់សែស្រឡាយចិន ព្រោះវាជាមរតកនៃវប្បធម៌ដឹងគុណ ហើយក៏ជាការរួមចំណែកដល់កិច្ចអភិវឌ្ឍបៃតង។ បុណ្យឆេងម៉េង ក្នុងវប្បធម៌ចិន គឺជាការទទួលបន្តនូវមរតកនៃអរិយធម៌អេកូឡូស៊ី ដែលបានរំលេចពីកិច្ចកសាងសហគមន៍រួមជីវិត។ ការបោសសម្អាតផ្នូរ ការដាំដើមឈើ ការបង្ហោះខ្លែង ការបង្កើតកម្មវិធីរត់ប្រណាំង និងកម្មវិធីនានា ទាក់ទងនឹងការលើកកម្ពស់បៃតងភាព ត្រូវបានរៀបចំឡើង ក្នុងពិធីបុណ្យឆេងម៉េងនេះ»

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា «ទំនៀមទម្លាប់ពិធីបុណ្យឆេងម៉េងនេះ បានរំលេចយ៉ាងច្បាស់ពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលសុទ្ធសឹងជាអ្នកគោរព និងផ្តល់តម្លៃខ្ពស់ចំពោះបុព្វការីជនរបស់ខ្លួន។ មរតកនៃការរស់នៅគោរពតាមក្រឹត្យក្រមក៏តែងបានអត្ថិភាពក្នុងវប្បធម៌នៃប្រទេសយើងទាំងពីរ។ ការដឹងគុណ ការតបគុណ គឺជាគុណធម៌ដែលបុព្វបុរសនៃប្រជាជាតិយើងទាំងពីរ មានចំណុចឯកភាពគ្នា ហើយញ៉ាំងឱ្យពិធីបុណ្យឆេងម៉េង ងាយនឹងបញ្ចូលខ្លួនបន្ថែម ចូលទៅក្នុងសង្គមខ្មែរ ក្នុងពេលដែលប្រជាជាតិខ្មែរ ទទួលយកដោយសន្តិភាពនូវគោលគំនិត នៃសុខដុមនីយកម្ម រស់នៅក្នុងពហុជំនឿ-សាសនា និងភាពចម្រុះនៃវប្បធម៌»។

នៅក្នុងពិធីបុណ្យ ឆេងម៉េង ជនជាតិខ្មែរជាប់សែស្រឡាយចិន តែងមានរៀបចំពិធីសែនកុងម៉ានៅផ្ទះ និងធ្វើដំណើរទៅសែនផ្នូររបស់សាច់ញាតិ នៅតាមបណ្តាខេត្ត ដើម្បីនឹករឭក និងការបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកចែកឋានបានទៅកាន់ឋានបរមសុខ និងជួយថែរក្សាសាច់ញាតិ ដែលនៅរស់រានមានជីវិតឱ្យមាន សេចក្តីសុខសេចក្តីចម្រើន៕

ប្រភព ៖  «CCFR China state-controlled media »


ចែករំលែក៖