ខេត្តកំពង់ស្ពឺ៖ វិទ្យាល័យអង្គមេត្រី ស្ថិតនៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងរងការជន់លិចដោយទឹកប្រភពចេញពីលូតាមដងផ្លូវជាតិ ៤១ ប៉ែកខាងលើដែលមានប្រភពចេញពីរោងចក្រជា ច្រើន បង្កក្លិនស្អុយសាយភាយពេញក្នុងសាលា ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុខភាពសិស្សានុសិស្ស ដែលស្ថិតនៅវិទ្យាល័យអង្គមេត្រីទាំងមូល។
លោក ហ៊ី ពិធូ នាយកសាលាវិទ្យាល័យអង្គមេត្រី បានប្រាប់ថា លោកបានរាយការណ៍ជូនថ្នាក់លើមួយជំហានហើយ តែមិនទាន់ចំណាត់ការណាមួយនៅឡើយទេ ហើយទឹកក៏បានកាន់តែកើនឡើងចូលក្នុងទីធ្លាសាលា។
លោកនាយកសាលា បានបញ្ជាក់ថា ទឹកមានសភាពក្លិន ស្អុយពណ៌ខ្មៅ ហើយបើសិស្សហ៊ានប៉ះពាល់កើតរមាស់ដៃជើងទៀតផងជាពិសេសទឹកដក់យូរបែបនេះបណ្តាល ខូចខាតយ៉ាងធ្ងន់ធ្ងរដល់បេតុងគ្រឹះសាលា និងជញ្ជាំងសាលា ដែលផលវិបាកនេះ និងបន្តកើតទៀតបើសិនជាមន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ចមិនជួយចាត់វិធានការទប់ស្កាត់ ករណីបង្ហូរទឹកស្អុយនេះឲ្យបានទេ។
ប្រជាពលរដ្ឋរស់តាមដងផ្លូវជាតិលេខ៤១ បានអះអាងថា តាមពិតប្រភពទឹកនេះកាលដើមឡើយមិនហូរមកក្នុងសាលាទេ តែក្រោយមក ខាងរោងចក្របានដាក់លូរំដោះទឹកចេញពីរោងចក្រផ្នែកខាងលើរបស់រោងចក្រ តែគ្មានប្រភពបង្ហូរទឹកចេញទៅណាឡើយ ទើបទឹកស្អុយបានហូរមកចូលក្នុងបរិវេណសាលាបែបនេះ ដោយក្នុងទីធ្លាសាលាទាបជាងផ្លូវ។ បើគ្មានវិធានការទេ ទឹកស្អុយនឹងរំខានដល់ការសិក្សារបស់សិស្សក្នុងវិទ្យាល័យនេះទាំងស្រុង នៅថ្ងៃខាងមុខឆាប់ៗនេះ៕
ដោយ៖ សូរិយា