ព័ត៌មានទាន់ហេតុការណ៍៖

លោក អភិបាលស្រុកសូទ្រនិគមចុះពិនិត្យករណីហេតុការណ៍រញ្ជួយបណ្តាលឱ្យរង្គើសាលារៀន មណ្ឌលសុខភាព វត្តអារាម និងផ្ទះ ប្រជាពលរដ្ឋ នៅភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម

ចែករំលែក៖

ខេត្តសៀមរាប ៖ ដោយបានការណែនាំពី លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តនារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ម្សិលមុិញ លោក គិម វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបានដឹកនាំក្រុមការងារចុះពិនិត្យហេតុការណ៍រញ្ជួយបណ្តាលឱ្យរង្គើសាលារៀន មណ្ឌល សុខភាព វត្តអារាម និងផ្ទះប្រជាពលរដ្ឋ ប្រហែល ២០ វិនាទី នៅរសៀលម៉ោង ១៣៖៣៥នាទី ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧,៧ វ៉ិចទ័រ ដែលបានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេស មីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និងវៀតណាមផងដែរ។ 

លោក អភិបាលស្រុក បានបញ្ជាក់ថាក្នុងហេតុការណ៍ នោះដែរ នៅសាលាមត្តេយ្យសិក្សា និងបឋមសិក្សាក្នុងឃុំកំពង់ឃ្លាំង អាណាព្យាបាល និងឪពុកម្តាយសិស្ស បានមកយកកូនចេញពីសាលារៀនជាបន្តបន្ទាប់ ដែលក្នុងកំឡុងពេលនោះ គណៈគ្រប់គ្រងសាលា បានអនុញ្ញាតឱ្យសិស្សចេញទៅផ្ទះទាំងអស់ ក្នុងនោះ មត្តេយ្យសិក្សា ២ថ្នាក់ ស្មើនឹងសិស្ស ៤៥ នាក់ ស្រី ៣២ នាក់ បឋមសិក្សា ១៩ ថ្នាក់ ស្មើនឹងសិស្ស ៦៦៧ នាក់ ស្រី ៣៤២ នាក់។

ជាមួយគ្នានេះ រដ្ឋបាលស្រុក បានណែនាំឱ្យឃុំ ភូមិទូទាំងស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន សភាពការណ៍នេះបន្តទៀត ដោយត្រូវស្តាប់នូវព័ត៌មានពីករណីរញ្ជួយដី ដែលបាននឹងកំពុងកើតឡើងនៅប្រទេសជិតខាង ដោយត្រូវរាយការណ៍ភ្លាមៗ ករណីមានហេតុការណ៍ជាយថាហេតុណាមួយកើតឡើងក្នុង ភូមិសាស្ត្រឃុំនៃស្រុកសូទ្រនិគម ពិសេសឃុំកំពង់ឃ្លាំង ដែលបានកើតហេតុរង្គើរនេះឡើង៕

ដោយ ៖ សិលា


ចែករំលែក៖