ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងយល់ អំពី ជំងឺរីកសរសៃវ៉ែនពងស្វាស ( Varicoceles)

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺរីកសរសៃវ៉ែនពងស្វាស ( Varicoceles)

១. អ្វីទៅជាជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាស?

ជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាសជាជំងឺ ដែលសរសៃវ៉ែនរបស់ពងស្វាសរបស់បុរសឡើងរីកទំហំខុសធម្មតា គេសង្កេតឃើញច្រើនកើតលើបុរសកំពុងពេញវ័យនិងបន្តវិវត្តពីដំណាក់កាលទី១ដល់ទី៤ដែលអាចសង្កេតឃើញប៉ោងធំលើស្បែកពងស្វាសតែម្តង ជាទូទៅបុរស១០០នាក់អាចកើតមាន៤នាក់។

២. តើមូលហេតុអ្វីបានជាអ្នកជំងឺកើតជំងឺរីកសរសៃឈាមវ៉ែននៅពងស្វាស?

   – ជំងឺនេះឧស្សាហ៍កើតមានលើផ្នែកខាងឆ្វេងនៃសរីរាង្គពងស្វាស ដោយមូលហេតុការរីកសរសៃវ៉ែនដោយលំហូរនៃឈាមត្រូវហូរត្រឡប់ទៅបេះដូងវិញមានសភាពត្រង់ ចាក់ចូលសរសៃវ៉ែនធំនៃតម្រងនោមខាងឆ្វេង ដូចនេះវាងាយនឹងរងសម្ពាធធាក់ត្រឡប់មកវិញពីសរសៃធំ។ 

   – មូលហេតុផ្សេងទៀតមានដូចជា ការខុសប្រក្រតីវ៉ាល់របស់សរសៃវែនធ្វើអោយ ការច្របាច់ឈាមទៅលើវិញមិនបានល្អ 

   – អាចដោយសារភាពមិនប្រក្រតីរបស់សាច់ដុំនៅពងស្វាស

   – និងអាចដោយសារទល់លាមករ៉ាំរ៉ៃផងដែរ។

៣. រោគសញ្ញាដែលកើតមានអ្វីខ្លះ?

រោគ្គសញ្ញាដែល អាចកើតមានញឹកញាប់មានដូចជា:

   – ឈឺចុកចាប់ជាទូទៅផ្នែកខាងឆ្វេងនៃពងស្វាស 

   – ពេលខ្លះអ្នកអាចស្ទាបប៉ះសរសៃឈាមដាស់លើស្បែកពងស្វាស 

   – បុរសខ្លះមកជួបគ្រូពេទ្យដោយសារ បញ្ហាវិបត្តិមានកូន ដោយហេតុថាការរីកសរសៃវ៉ែនពងស្វាសធ្វើអោយឈាមនាំអុកស៊ីសែនតាមអាទែទៅចិញ្ចឹមសរីរាង្គមិនបានល្អឈាមសំបូរកាបូនឌីអុកស៊ីតនៅសរសៃវ៉ែនច្រើន ដែលនាំឲ្យការផលិតមេជីវិតរបស់បុរសមិនបានល្អ ក្នុងរយៈពេលក៏អាចនាំឲ្យពងស្វាសរួមទំហំផងដែរ។

៤. តើការធ្វើរោគវិនិច្ឆ័យដោយវិធីណា?

   – អ្នកជំងឺត្រូវបានរករោគវិនិច្ឆ័យដោយការពិនិត្យដោយផ្ទាល់ពីគ្រូពេទ្យឯកទេស

   – ការធ្វើអេកូសាស្រ្តដើម្បី បញ្ជាក់រោគវិនិច្ឆ័យព្រមទាំងធ្វើការវាយតម្លៃអំពីដំណាក់ទាំង៤នៃរោគនេះ។

៥. តើការព្យាបាលជំងឺនេះដោយរបៀបណា?

   – ការព្យាបាលចំពោះដំណាក់កាលទី១និងទី២ពោលគឺអ្នកជំងឺមានការឈឺចាប់ម្ដងម្កាល មិនស្ទាបប៉ះ អេកូសាស្រ្តរកឃើញពេលឲ្យប្រឹង គឺតម្រូវព្យាយាមដោយថ្នាំនិងតាមដាន។ 

   – ដំណាក់កាលទី៣និងទី៤ ដោយមានការឈឺជាប្រចាំ និងស្ទាបប៉ះដោយផ្ទាល់ គឺត្រូវធ្វើការព្យាបាលដោយវះកាត់។

ដូច្នេះបងប្អូនបុរស ពិសេសទើបពេញវ័យ ហើយមានអាការ: ដូចរៀបរាប់សូមអញ្ជើញមកពិនិត្យអាការ:រោគនៅមន្ទីពេទ្យកាល់ម៉ែតជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលត្រឹមត្រូវ តាមបច្ចេកទេសវេជ្ជសាស្រ្ត។

នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕ 

ដោយ ៖ សិលា


ចែករំលែក៖