ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ សង្ឃឹមថា​ អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជា ឆ្នាំ​២០២៥​ នឹងបានឈ្វេងយល់បន្ថែមអំពីមាគ៌ានៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជា ឆ្នាំ២០២៥ (Cambodia Global Textile Summit 2025) ក្រោមប្រធានបទ “កសាងអនាគត៖ បង្កើនភាពកួតប្រជែង និងចីរភាព” ( Shaping The Future: Competitiveness and Sustainability)។ កម្មវិធីធ្វើឡើង កាលពីថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ​ មានការចូលរួមពី លោកទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក.អ.ក, លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រីនាយិកានៃអង្គការ ILO ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ, លោកអនុប្រធានសមាគម TAFTAC, តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ, តំណាងម៉ាកយីហោអន្តរជាតិធំៗ, អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ ព្រមទាំងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងសុន្ទរកថាគន្លឹះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល​ បានលើកឡើងអំពី៖ (១)សក្តានុពលនានា ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ ស័ក្តិសមជាគោលដៅវិនិយោគគួរពិចារណា, (២)គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តង់ដារការងារ ការគ្រប់គ្រងបរិស្ថាន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច, (៣) ការអនុវត្តឌីជីថលូបនីយកម្មក្នុងស្ថាប័នរដ្ឋ និងឯកជន ដែលចូលរួមជំរុញល្បឿនការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព, (៤)យន្តការត្រៀមលក្ខណៈឱ្យរួចរាល់សម្រាប់ច្បាមយកឱកាសនាពេលអនាគតស្របតាមរបត់សេដ្ឋកិច្ចជាសកល ដោយពង្រឹងសមត្ថភាពវិស័យវាយនភណ្ឌ និងកាត់ដេរ ឱ្យមានភាពរីកចម្រើន ទំនើបទាន់សម័យ, និង (៥)ការបញ្ចប់ឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍ទាប នាពេលខាងមុខរបស់កម្ពុជា ដោយបន្ថែមការយកចិត្តទុកដាក់ទៅលើបទប្បញ្ញត្តិអន្តរជាតិថ្មីៗស្តីពីសិទ្ធិមនុស្ស ការងារ និងបរិស្ថាន។

តាមរយៈកិច្ចប្រជុំកំពូលនេះ លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថាអ្នកចូលរួមពីគ្រប់វិស័យពាក់ព័ន្ធនឹងបានឈ្វេងយល់បន្ថែមអំពីមាគ៌ានៃការរៀបចំកសាងអនាគតរបស់វិស័យវាយនភណ្ឌ និងការកាត់ដេរនៅកម្ពុជា។ លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី​ រំពឹងថាកិច្ចប្រជុំកំពូលនេះនឹងក្លាយជាវេទិកាសម្រាប់ការកសាងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល, ស្ថាប័នសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីធានាបានថាវិស័យវាយនភណ្ឌ និងការកាត់ដេរសម្លៀកបំពាក់របស់កម្ពុជា មានសមត្ថភាពប្រកួតប្រជែង ប្រកបដោយចីរភាព និងបរិយាប័ន្ន។

សូមជម្រាបដែរថា៖ កិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជានេះ ត្រូវបានរៀបចំឡើងដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ សមាគមវាយនភណ្ឌ, សម្លៀកបំពាក់, ស្បែកជើង, និងសម្ភារៈធ្វើដំណើរនៅកម្ពុជា(Textile, Apparel, Footwear & Travel Goods Association in Cambodia – TAFTAC), អង្គការពលកម្មអន្តរជាតិ (International Labour Organization– ILO) តាមរយៈកម្មវិធី Better Factories Cambodia (BFC), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham Cambodia) តាមរយៈកម្មវិធី Responsible Business Hub Cambodia (RBH Cambodia) និង កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ តាមរយៈកម្មវិធីGIZ៕

ដោយ​៖ តារា​


ចែករំលែក៖