ភ្នំពេញ៖ យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមបើកជាផ្លូវការ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នេះ ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកនាំពាក្យនិងមន្ត្រីទទួលបន្ទុកព័ត៌មានក្នុងរដ្ឋបាលរាជធានី-ខេត្តទាំង២៥ យុវជន សមាគមសារព័ត៌មាន អ្នក សារព័ត៌មាន អ្នកមានឥទ្ធិពលលើបណ្តាញសង្គម សរុបចំនួនប្រមាណ ១ពាន់នាក់។ យុទ្ធនាការនេះនឹងត្រូវ បានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយអ្នកដែលចូលរួមអនុវត្តយុទ្ធនាការគីមន្ទីរព័ត៌មានរាជធានី-ខេត្ត ព្រមទាំងស្ថាប័ន និងអង្គភាព ពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃ ព័ត៌មានក្លែងក្លាយ។
ថ្លែងក្នុងពិធីបើកយុទ្ធនាការនេះ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការបញ្ញាបការយល់ដឹង ឱ្យដល់ពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ជាកត្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើប ឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ។
គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាល ឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ និងនាំឱ្យមានការបែកបាក់សាមគ្គីភាព ក្នុងសង្គម។ ក្នុងឆ្នាំ២០២៤ ក្រុមការងារនៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៣៦៥១ ករណី ដែលនេះជាចំនួនកើនឡើងប្រមាណ ១៤% បើប្រៀបធៀប នឹងឆ្នាំ២០២៣ ដែលមានចំនួន ៣២០៨ ករណី។ គោលដៅរបស់យុទ្ធនាការគឺកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនៅកម្រិតអប្បបរិមាសំដៅធានាសន្តិសុខព័ត៌មាន៖ គឺការទទួលព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ក្នុងបរិបទនៃការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ការទទួល និងផ្សព្វផ្សាយព័ត៌មានបែបទំនើប តាមប្រព័ន្ធឌីជីថល ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គម បានកើនឡើងជាលំដាប់ ខណៈគ្រោះថ្នាក់នៃ ព័ត៌មានក្លែងក្លាយដែលចរាចរតាមមធ្យោបាយទំនើបទាំងនេះ រឹតតែមានលក្ខណៈស្រួចស្រាល់ឡើង។ ការណ៍ នេះទាមទារឱ្យ ពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផលិត ឬចែកចាយព័ត៌មាន ស្វែងយល់ដឹងបានច្បាស់អំពីផល វិបាកនៃព័ត៌មានក្លែងក្លាយ ហើយចេះបង្កើនការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវ ពិសេសមុនចែកចាយព័ត៌មានណាមួយ ត្រូវផ្ទៀងផ្ទាត់ព័ត៌មានទាំងនោះជាមុនសិន។
ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ក្នុងអង្គពិធីបើកនាពេលនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានមាន ប្រសាសន៍ថាមនុស្សម្នាក់គឺជាជនបង្គោលម្នាក់ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ដូច្នេះសូមប្រជាពលរដ្ឋគ្រប់ រូបចូលរួមក្នុងយុទ្ធនាការជាមួយក្រសួងព័ត៌មាន និងតួអង្គពាក់ព័ន្ធ ទាំងក្នុងវិស័យរដ្ឋនិងឯកជន ដើម្បីរួមគ្នា ធានាបរិយាកាសសង្គមឌីជីថលមានសុវត្ថិភាព ការទទួលព័ត៌មានប្រកបដោយគុណភាព សម្រាប់បម្រើដល់ ប្រយោជន៍សាធារណៈ ការពារស្ថិរភាពសង្គម និងរួមចំណែកដល់ការអភិវឌ្ឍដោយនិរន្តរភាព។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «យុទ្ធនាការនេះលើកកម្ពស់ការយល់ដឹងប្រជាពលរដ្ឋ ក្នុងសហគមន៍ក្នុងការបង្អាក់ការចែករំលែកព័ត៌មានលើបណ្តាញសង្គមដោយមិនមានការផ្ទៀងផ្ទាត់ជាមុន ជា ពិសេសរបៀបក្នុងការកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយ វិធានការទប់ស្កាត់ការរីកសាយភាយនិងបន្សាប ព័ត៌មានក្លែងក្លាយ ព្រមទាំងបំផុសការបង្កើតទម្លាប់ប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ តាមរយៈ ការអនុវត្តវិធានការសុវត្ថិភាព ការបង្ការហានិភ័យ និងសកម្មភាពនានាចាំបាច់ក្នុងការធានាសុវត្ថិភាពព័ត៌មាន ក្នុងសង្គម»។
ពិធីបើកយុទ្ធនាការក៏បានស្តាប់ការប្តេជ្ញាចិត្តរបស់តំណាងសមាគមអ្នកសារព័ត៌មាន អ្នកមានឥទ្ធិពល និងបង្កើតមាតិកាលើបណ្តាញសង្គម និងតំណាងយុវជន ដែលសុទ្ធសឹងបានផ្តល់ការគាំទ្រដល់យុទ្ធនាការរបស់ ក្រសួងព័ត៌មាន និងប្តេជ្ញាចិត្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងចូលរួមក្នុងសកម្មភាពរបស់ យុទ្ធនាការនេះ ជាពិសេសតាមរយៈការបង្កើត ចែកចាយ និងផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ និងដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។
ដើម្បីលើកកម្ពស់ការចូលរួមក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាននឹងបន្តសហការជាមួយ តួអង្គរដ្ឋនិងឯកជន ដើម្បីផ្សព្វផ្សាយខ្លឹមសារអប់រំ និងសារអំពាវនាវដល់សាធារណៈជន តាមប្រព័ន្ធសារទូរសព្ទ ចល័ត (SMS) និងសារជាសំឡេង (call-tune) ព្រមទាំងសហការជាមួយក្រុមហ៊ុនបណ្តាញសង្គម ដូចជា Tiktok, Meta ជាដើម ក្នុងការពង្រឹងការអនុវត្តនិយាមបណ្តាញសង្គម (Community Standard) ដើម្បីធានា ការប្រើប្រាស់ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ជាពិសេសការប្រើប្រាស់ខ្លឹមសារ ពាក្យពេចន៍ រូបភាព និងវីដេអូ និងការពារសុវត្ថិភាពនិងសិទ្ធិរបស់អ្នកប្រើប្រាស់៕
ដោយ៖ តារា