ភ្នំពេញ៖ តាមការព្យាករណ៍ទុកសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ឬហៅថា (National Games2016) ដែលប្រទេសកម្ពុជារៀបចំធ្វើលើកដំបូង ដោយមានទម្រង់ស្រដៀងទៅជាមួយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនោះ មានមនុស្សចូលរួមពី៥ម៉ឺននាក់ទៅ៦ម៉ឺននាក់ ក្នុងនោះរដ្ឋបានត្រៀមកញ្ចប់ថវិកាសម្រាប់ចំណាយប្រមាណជាង៤ពាន់លានរៀល ក្នុងនោះក្រសួងអប់រំយុវជន និងកីឡា ក៏តម្រូវឲ្យអត្តពលិកម្នាក់ៗ បង់ថ្លៃសុំសិទ្ធិចូលរួមប្រកួតចំនួន១០ម៉ឺនរៀល ដើម្បីឲ្យស្រប់តាមទម្រង់ការប្រកួតកីឡាជាលក្ខណៈហ្គេម ។ នេះបើតាមសម្តីរបស់លោក អ៊ុក សិទ្ធិជាតិ អគ្គនាយនៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា បានលើកឡើងក្នុងអង្គប្រជុំផ្សព្វផ្សាយព័ត៌មានចុងក្រោយ របស់អនុគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ ។
លោកអ៊ុក សិទ្ធិជាតិបានពន្យល់ថា ចំពោះថវិកាចំនួន១០ម៉ឺនរៀល ដែលតម្រូវឲ្យអត្តពលិកគ្រប់ៗរូបចូលរួមបង់ដើម្បីសុំសិទ្ធិចូលរួមប្រកួតនោះ វាជាកាតព្វកិច្ចរបស់អត្តពលិកម្នាក់ៗ គឺធ្វើឡើងឲ្យស្របតាមទម្រង់នៃការប្រកួតកីឡា ដែលមានលក្ខណៈជា Games ។ លោកបញ្ជាក់ថា លុយនេះតិចតួចណាស់ ពីព្រោះមួយចប់ការប្រកួតមានដូចជាថ្លៃស្នាក់នៅ ហូបចុក និងការដឹកជញ្ជូន ត្រូវបង់តែ១០ម៉ឺនរៀល ។
ការហូបចុក១ពេល រដ្ឋចំណាយសម្រាប់មួយថ្ងៃទៅលើកីឡាករម្នាក់ចំនួន៤៤.០០០រៀល ដោយឡែកមន្ត្រីបច្ចេកទេសចំនួន៨០.០០០រៀល និងតម្លៃស្នាក់នៅក្នុងសណ្ឋាគារ១បន្ទប់ចំនួន២០ដុល្លារសម្រាប់កីឡាករ ឬកីឡាការិនី ៤ នាក់។
លោកស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាមានទៅកាន់ប្រតិភូតំណាងរាជធានី-ខេត្តទាំង២៥ ថា ត្រូវចូលរួមទទួលខុសសម្រាប់ព្រឹត្តិការណ៍កីឡាជាតិ ដ៏ធំលើកដំបូងនេះឲ្យទទួលបានជោគជ័យ ។ ពីព្រោះព្រឹត្តិការណ៍កីឡាជាតិនេះ គឺជាស្ពានចំឡងសម្រាប់ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះឆ្នាំ២០១៣ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម ។ ដូច្នេះគ្រប់រាជធានី-ខេត្តត្រូវតែចូលរួមដាច់ខាតមិនអាចគ្មានរាជធានី ខេត្តណាមួយមិនចូលរួមនោះឡើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ បានឲ្យដឹងថា ការប្រកួតនិងចាប់ផ្ដើមពីថ្ងៃទី២៥ ខែតុលា ពិធីសម្ពោធបើកការប្រកួតធ្វើនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។ ចំពោះពិធីបើកធ្វើឲ្យបានប្រហាក់ប្រហែល នឹងពិធីបើកការប្រកួតកីឡា ស៊ីហ្គេមដែរ ជាងនេះទៅទៀត គ្រប់អត្តពលិកកីឡារាជធានី ខេត្តទាំងអស់ ត្រូវមានឯកសណ្ឋានកីឡាសម្រាប់អត្តពលិករបស់ខ្លួនល្អស្អាត់សមរម្យ ។
លោកបានបញ្ជាក់ថា នេះ គឺជាសញ្ញាបញ្ជាក់ឲ្យឃើញថាចាប់ពីឆ្នាំ២០១៦តទៅកីឡារបស់កម្ពុជាចាប់ផ្ដើមប្ដូរឥរិយាបទក្នុងការប្រកួតនិងរៀបចំការប្រកួត ។ ពិធីបើកការប្រកួតនេះ នឹងមានអ្នកចូលរួមពីប្រមាណ៥ម៉ឺនទៅ ៦ម៉ឺននាក់ចូលរួម ។គួររំលឹកថា នាព្រឹកថៃ្ងទី៨ ខែ កញ្ញា ឆ្នាំ២០១៦អនុគណៈកម្មការរៀបចំការប្រកួតកីឡាជាតិបានបើកកិច្ចប្រជុំណែនាំនិងពិភាក្សាស្តីពីនិតិវិធីបំពេញទម្រង់បែបបទទី៣ នៃការចុះឈ្មោះមន្រ្តីបច្ចេកទេស កីឡាករ កីឡាការិនីចូលរួមប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ដោយមានសមាសភាពចូលរួមពីអត្តពលិកតំណាងរាជធានី-ខេត្តទាំង២៥និងស្មើនិង ១៤សហព័ន្ធកីឡាជាតិព្រមទាំងមានក្រសួងការពារជាតិ និង មហាផ្ទៃ ចូលរួមផងដែរ ៕ សារីម