ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។
នាឱកាសនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជាបង្ហាញសេចក្តីរីករាយដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ជាផ្លូវការលើកដំបូង ក្នុងគោលបំណងដើម្បីពិភាក្សាពីកិច្ចសហ ប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ យុវជន និងកីឡា រវាងប្រទេសទាំងពីរ ដោយបានរំលេចពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏សម្បូរបែប លើវិស័យវប្បធម៌ និង សាសនា ជាមួយកម្ពុជា ជាពិសេសទំនាក់ទំនងជាច្រើនសតវត្សរវាងប្រជាជន និងប្រជាជន ព្រមទាំងបានគូស បញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែល្អប្រសើរ។
ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរដល់លោក Vanlalvawna Bawitlung ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះ ព្រមទាំង បានលើកឡើងពីទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងយូរ អង្វែងរវាងប្រទេសទាំងពីរ ជាពិសេសឥទ្ធិពលនៃវប្បធម៌ឥណ្ឌាមកលើកម្ពុជា ដែលទំនាក់ទំនងប្រវត្តិសាស្ត្រនេះគឺជាគ្រឹះដ៏រឹងមាំឆ្ពោះទៅរកការអភិវឌ្ឍ និងវឌ្ឍនភាពនៃប្រទេសទាំងពីរ។
ក្រសួងអប់រំ យុវជន និងកីឡា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងប្រព័ន្ធអប់រំ និងផ្តល់ឱកាសដល់យុវជនដើម្បីក្លាយជាកម្លាំងចលករដ៏សំខានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ដោយរំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើន ជាពិសេសតាមរយៈការផ្លាស់ប្តូរបទពិសោធនៃការសិក្សារវាងប្រទេសទាំងពីរ ការចែករំលែកចំណេះដឹងក្នុងវិស័យអប់រំឌីជីថល ការបណ្តុះ បណ្តាលគ្រូបង្រៀន និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលរៀបចំយុវជនកម្ពុជាឱ្យត្រៀមខ្លួនរួចរាល់សម្រាប់តម្រូវ ការទីផ្សារការងារជាក់ស្តែងក្នុងពេលបច្ចុប្បន្ន និងអនាគត។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលឥណ្ឌាដែលបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ក៏ដូចជាលើក កម្ពស់វិស័យអប់រំ យុវជន និងកីឡា តាមរយៈការផ្តល់អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សា ដែលបានឆ្លុះបញ្ចាំងពីគោល ដៅរួមរបស់ប្រទេសទាំងពីរក្នុងការអភិវឌ្ឍធនធាន មនុស្ស ព្រមទាំងបានបញ្ជាក់ពីការគាំទ្រ និងស្វាគមន៍នូវរាល់គំនិតផ្តួចផ្តើមដែលស្ថាប័ន និងវិទ្យាស្ថានឥណ្ឌាមាន បំណងចង់មកវិនិយោគលើវិស័យអប់រំក្នុងប្រទេសកម្ពុជា៕
ដោយ៖ សូរិយា