ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ទី០៣ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញមុខបុរសជនជាតិចិនម្នាក់ រួមនឹងវត្ថុតាងជាគ្រឿងញៀនប្រមាណជិត ៦គីឡូក្រាម ជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្ដាល ដេីម្បីចាត់ការតាមច្បាប់ ក្រោយបង្ក្រាបបានក្នុងករណីជួញដូរគ្រឿងញៀន នៅភូមិសាស្ត្រខេត្តកណ្តាល ។
ក្នុងប្រតិបត្តិការនោះ អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំកម្លាំងប្រតិបត្តិការ ស៊ើបអង្កេតបង្ក្រាបបទល្មើសគ្រឿងញៀន និងលោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលដឹកនាំការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
គួររម្លឹកថា កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុំ ណារ៉ាក់ នាយករងមន្ទីរ, និង លោក វរសេនីយ៍ទោ ផៃ កុសល នាយរងការិយាល័យ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ខា ផែនណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ដោយបានស្រាវជ្រាវតាមជំនាញបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរសារធាតុញៀន នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ប្រតិបត្តិការនេះ ជាលទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនសង្ស័យចំនួន១នាក់ ជាជនជាតិចិន ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់ ៥គីឡូ ៩៧៦ក្រាម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល ដេីម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ តារា