ប្រទេសឡាវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានជួបពិភាក្សាទ្វេភាគី ជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងឱកាស ដែលសម្តេចតេជោ និងលោកនាយករដ្ឋ មន្ត្រីចិនចូលរួមកិច្ចប្រជុំអាស៊ានលើកទី ២៨ ទី២៩ នៅប្រទេសឡាវ ។
នៅក្នុងជំនួបនោះមេដឹកនាំប្រទេស ទាំង២កម្ពុជា-ចិនបានពិភាក្សានិងផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញទំនាក់ទំនងទ្វេភាគី ពហុ ភាគី បញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ។
លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង បានបញ្ជាក់ថា ចិននៅតែបន្តបញ្ជាទិញ កសិផលកសិកម្មរបស់ប្រទេសកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត ពោលគឺការ បញ្ជាទិញអង្ករពី១០ម៉ឺនតោនក្នុងឆ្នាំ ២០១៦ទៅ២០ម៉ឺនតោនក្នុងឆ្នាំ២០១៧ រួម ទាំងផ្ដល់កម្ចីដល់ការស្ដារកំណាត់ផ្លូវជាតិលេខ៥១ និងការស្ដារប្រព័ន្ធធារាសាស្ត្រ ទន្លេវ៉ៃគោក្នុងខេត្តស្វាយរៀងឡើងវិញរួមទាំងគម្រោងផ្សេងៗទៀតដែលស្នើឡើងដោយភាគីកម្ពុជាកាលពីពេលកន្លងទៅ។
ក្រៅពីនេះនាយករដ្ឋមន្ត្រីចិនឲ្យដឹងថា ចិននឹងបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សាក្នុងប្រទេសចិន ឲ្យកាន់តែមានចំនួនច្រើនឡើង ហើយ លោកនាយករដ្ឋមន្ត្រីចិនក៏បានផ្ដល់ថវិកា ក្នុងការជួយជួសជុលប្រាសាទអង្គរវត្តរួមទាំងផ្ដល់លទ្ធភាពក្នុងការសិក្សាដើម្បីឈាន ទៅជួយជួសជុលប្រាសាទព្រះវិហាររបស់ កម្ពុជាក្នុងគោលបំណងជួយជំរុញកំណើន ទេសចរ និងផ្លាស់ប្ដូរដំណើរទស្សនកិច្ច រវាងប្រជាជននឹងប្រជាជននៃប្រទេសទាំង២ផងដែរ ។
សម្ដេចតេជោបានកោតសរសើរចំពោះប្រទេសចិនដែលតែងតែជួយដល់ប្រទេសកម្ពុជាហើយសម្ដេចក៏បានឯកភាពទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីចិនក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរដំណើរ ទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់សម្រាប់ប្រទេសទាំង២ដើម្បីឲ្យប្រទេសទាំង២កាន់ តែមានភាពជិតស្និទ្ធគ្នាទ្វេឡើងថែមទៀត៕