ខេត្តបន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ទី០៥ ខែមេសា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក ឱ្យពង្រឹងការការពារសន្តិសុខ ពង្រឹងការយាមល្បាត ត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលរាត្រី ផ្សព្វផ្សាយច្បាប់រាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរយានយន្តគ្រប់ប្រភេទដែលមានជាតិស្រវឹង (ជាតិអាល់កុលលើសកម្រិត)។
លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺតម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ត្រូវបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង គឺបង្ក្រាបដោយគ្មានការយោគយល់ ត្រូវធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យ ប្រកបដោយសន្តិសុខល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ និងរាយការណ៍ មកកាន់យើងខ្ញុំ ក្នុងករណីមានអាសន្ន មានអំពើអសន្តិសុខនានា មានករណីហិង្សា មានបទល្មើសជួញដូរថ្នាំញៀន និងក្មេងទំនើង អុកឡុកតាមមូលដ្ឋាន សូមខលមកកាន់លេខទូរសព្ទប្រចាំបញ្ជា ០៩៧ ៧៧៨ ០០១៧ ដើម្បីកម្លាំងនគរបាលចុះអន្តរាគមន៍ បង្ការ បង្ក្រាប និង សង្គ្រោះទាន់ពេលវេលា៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច