ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងការពារជាតិ ៖ កម្ពុជានៅតែប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មានប្រសាសន៍ថា កម្ពុជានៅតែប្រកាន់យកការអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ហើយកម្ពុជាមានគោលជំហររឹងមាំក្នុងការគោរពសិទ្ធិ និងផលប្រយោជន៍អ្នកដទៃ និងគ្មានមហិច្ឆតា បង្កការគំរាមកំហែងដល់ប្រទេស ឬតំបន់ណាមួយឡើយ។

នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមេសា ឆ្នាំ២០២៥ អញ្ជើញដ៏ខ្ពង់ខ្ពស់ ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ 

នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានស្នើភាគីមិត្តចិនឱ្យជួយកម្ពុជាលើបច្ចេកទេសជួសជុល ផលិត និងថែទាំនាវា តាមរយៈការបញ្ជូនអ្នកជំនាញពីចិនមកកម្ពុជា និងបញ្ជូនសិក្ខាកាមកម្ពុជា ទៅសិក្សាការជួសជុល ផលិត និងថែទាំនាវានៅចិន។ ដោយឡែកតំណាងកងទ័ពប្រជាជនចិនថ្លែងថា ៖  ការកសាងមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាម គឺជាផ្នែកមួយ នៃការកសាងលើកកម្ពស់គុណភាព និងសមត្ថភាពកងទ័ពកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ តំណាងកងទ័ពប្រជាជនចិនបន្តថា ៖  កងទ័ពចិន-កម្ពុជា នឹងធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ រួមគ្នានៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ទរាមនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថា ៖ សមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នារវាងកម្ពុជា និងចិននាពេលនេះ គឺជាសមិទ្ធផលយ៉ាងធំធេង និងជាមរតកប្រវត្តិសាស្រ្តសម្រាប់កងទ័ពកម្ពុជា និងមិត្តភាព និងបង្កើនទំនាក់ទំនងកម្ពុជា-ចិន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីរួមចំណែកជាមួយប្រទេសក្នុងតំបន់ ក្នុងការពង្រឹងសន្តិសុខក្នុងលំហសមុទ្រ៕

ដោយ ៖ សិលា


ចែករំលែក៖