កីឡាករ Alejandro Garnacho ត្រូវបានគេរាយការណ៍ថាបានដាក់លក់វិមានតម្លៃ 3.85 លានផោនរបស់គាត់នៅលើទីផ្សារធ្វើឱ្យមានមតិជាច្រើនថាគាត់ប្រហែលចង់ចាកចេញពីក្រុម Manchester United នៅរដូវក្តៅនេះ។
បើយោងតាមកាសែត The Sun ខ្សែបម្រើស្លាបរបស់ សញ្ជាតិអាហ្ស៊ង់ទីន វ័យ 20 ឆ្នាំនេះ ទើបតែបានទិញផ្ទះដែលមានប្រាំពីរបន្ទប់គេងនៅទីក្រុង Bowdon ទីក្រុង Greater Manchester កាលពីខែមេសាឆ្នាំមុន ប៉ុន្តែរយៈពេល 12 ខែក្រោយមកគាត់បានដាក់លក់ដោយស្ងាត់ៗទៅវិញ ។
Garnacho បានចំណាយប្រាក់ 3.804 លានផោនសម្រាប់វិមាននេះក្នុងឆ្នាំ 2024 ហើយបានផ្លាស់ទៅជាមួយដៃគូរបស់គាត់ Eva និងកូនប្រុសរបស់ពួកគេឈ្មោះ Enzo ។ ឥឡូវនេះគាត់កំពុងលក់វាក្នុងតម្លៃ 3.85 លានផោន។
យ៉ាងណាមិញ ប្រភពជិតស្និទ្ធនឹងកីឡាកររូបនេះប្រាប់ថា គាត់មិនមានគម្រោងចាកចេញពីក្លឹបឡើយ។ ពួកគេនិយាយថា គាត់បានទិញផ្ទះកាលពីរដូវក្តៅមុន នៅពេលដែលគ្រួសារ និងបងប្រុសរបស់គាត់កំពុងរស់នៅក្នុងប្រទេសអង់គ្លេសពេញម៉ោង ប៉ុន្តែពួកគេបានត្រលប់ទៅអេស្ប៉ាញវិញ មានន័យថាគាត់ និង Eva ចង់បានកន្លែងរស់នៅតូចជាងតែប៉ុណ្ណោះ។
Garnacho បានមកដល់កីឡាដ្ឋាន Old Trafford ក្នុងឆ្នាំ 2020 ក្នុងនាមជាកីឡាករវ័យក្មេងអាយុ 16 ឆ្នាំ ហើយបានលេចធ្លោយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនអាចចូលលេងបានក្នុងរដូវកាលថ្មីៗនេះ ដោយសារពិបាកសម្របខ្លួនទៅនឹងទម្រង់ 3-4-3 របស់ Ruben Amorim បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានជំនួស Erik ten Hag នៅក្នុងខែវិច្ឆិកា ៕
ដោយ៖ ភារៈ