ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល។ លោកបណ្ឌិត តឹក ម៉េង សាកលវិទ្យាធិការរងនៃ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានរៀបរាប់ថា “ការបង្កើតសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្ដមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូបបានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រដោយមិនតម្រូវឱ្យបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្ដល់ជូននិស្សិតនូវអាហារូបករណ៍១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា”។
សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា តាមអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានប្រារព្ធពិធីបើកបវេសនកាលចូលរៀនលើកដំបូងឆ្នាំទី១ ជំនាន់ទី១ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលមានសមណនិស្សិត និស្សិត ឆ្នាំទី១ ជំនាន់ទី១ ចំនួន៦១២នាក់ ស្រី៣៣៩នាក់។ ជំនាន់ទី២ ចាប់ផ្ដើមបើកបវេសនកាលនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានសមណនិស្សិត និស្សិត ចំនួន៧៨១នាក់ ស្រី៤៧៩នាក់។ ជំនាន់ទី៣ ចាប់ផ្ដើមចូលរៀននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះតទៅ មានសមណនិស្សិត និស្សិតចំនួន២០៧៨ ស្រី ១២២៧ នាក់ ក្នុងនោះសិស្សព្យួរការសិក្សាចំនួន៤២នាក់ ស្រី២២នាក់។
សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានចំនួន ៦មហាវិទ្យាល័យ មានដេប៉ាតឺម៉ង់ចំនួន ១៨ និង៣២ មុខជំនាញដូចខាងក្រោម៖
១-មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រ និងភាសា (Faculty of Arts, Humanities and Literatures)៖
-មុខជំនាញប្រវត្តិសាស្ត្រខ្មែរ (Khmer History)
-មុខជំនាញអក្សរសាស្ត្រខ្មែរ (Khmer Literature)
-មុខជំនាញភាសាអង់គ្លេស (English)
-មុខជំនាញភាសាចិន (Chinese)
-មុខជំនាញភាសាបារាំង (French)
២-មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា (Faculty of Science and Technology)៖
-មុខជំនាញបរិស្ថានវិទ្យា (Environment)
-មុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
-មុខជំនាញភូមិវិទ្យា និងរៀបចំដែនដី (Geography and Land Management)
-មុខជំនាញគណិតវិទ្យា (Mathematics)
-មុខជំនាញរូបវិទ្យា (Physics)
-មុខជំនាញគីមីវិទ្យា (Chemistry)
-មុខជំនាញជីវៈវិទ្យា (Biology)
៣-មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម (Faculty of Social Science)៖
-មុខជំនាញវិទ្យាសាស្ត្រនយោបាយ (Political Science)
-មុខជំនាញនីតិរដ្ឋបាលសាធារណៈ (Public and Administration Law)
-មុខជំនាញនីតិឯកជន (Private Law)
-មុខជំនាញទស្សនវិជ្ជាពុទ្ធសាសនា (Buddhist Philosophy)
-មុខជំនាញសង្គមវិទ្យា (Sociology)
៤-មហាវិទ្យាល័យវិស្វកម្មនិងស្ថាបត្យកម្ម (Faculty of Engineering and Architecture)៖
-មុខជំនាញវិស្វកម្មសំណង់អគារ (Construction Engineering)
-មុខជំនាញវិស្វកម្មអគ្គិសនី (Electrical Engineering)
-មុខជំនាញស្ថាបត្យកម្ម (Architecture)
-មុខជំនាញវិស្វកម្មអភិវឌ្ឍជនបទ (Rural Development Engineering)
៥-មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍និងទេសចរណ៍ (Faculty of Development Studies and Tourism)៖
-មុខជំនាញកសិកម្ម (Agriculture)
-មុខជំនាញអភិវឌ្ឍន៍សហគមន៍ (Community Developments)
-មុខជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច (Tourism and Hospitality Management)
៦-មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ចនិងគ្រប់គ្រងធុរកិច្ច (Faculty of Economic and Business Administration)៖
-មុខជំនាញសេដ្ឋកិច្ច (Economic)
-មុខជំនាញសេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទ (Economics of Agriculture and Rural Development)
-មុខជំនាញគណនេយ្យនិងហិរញ្ញវត្ថុ (Accounting and Financing)
-មុខជំនាញធនាគារនិងហិរញ្ញវត្ថុ (Banking and Financing)
-មុខជំនាញពន្ធដារនិងសវនកម្ម (Taxation and Auditing)
-មុខជំនាញគ្រប់គ្រងធុរកិច្ច (Business Administration)
-មុខជំនាញសហគ្រិនភាពនិងភាពជាអ្នកដឹកនាំ (Entrepreneurship and Leadership)
-មុខជំនាញពាណិជ្ជកម្មអន្តរជាតិ (International Trade)
បន្ថែមលើការសិក្សាតាមមុខវិជ្ជា សាកលវិទ្យាល័យបានភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ និងស្ថាប័នជាដៃគូនានា ព្រមទាំងបានបញ្ជូននិស្សិតទៅបន្តការសិក្សានៅក្រៅប្រទេសបានជាច្រើនលើកផងដែរ។
ដើម្បីឈ្វេងយល់បន្ថែមអំពីសាកលវិទ្យាល័យ សូមទាក់ទងអាសយដ្ឋានដូចខាងក្រោម៖
អាសយដ្ឋានទី១
ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល
អាសយដ្ឋានទី២
ភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល
ទំនាក់ទំនងទូស័ព្ទលេខ
Call: 012 78 99 57 / 097 577 9 577
098 59 52 01
Email: info@sbku.edu.kh
www.sbku.edu.kh/ ៕
ដោយ ៖ សិលា