ព័ត៌មានទាន់ហេតុការណ៍៖

តើរាជរដ្ឋាភិបាល ពិតជានៅស្ងៀម ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកដូចការចោទប្រកាន់មែនឬ?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មានវិធានការ វិធីសាស្រ្ត និងផែនការដោះស្រាយចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក តាមបែបចាស់ទុំ មិនចាំបាច់ធ្វើការបង្ហោះផ្សាយនៅតាមបណ្តាញសង្គមគ្រប់ពេលនោះទេ។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ពន្ធរបស់សហរដ្ឋអាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេស មិនមែនតែសម្រាប់កម្ពុជានោះទេ ហើយ កម្ពុជា ក៏បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីនោះឡើយដែលក្រុមជ្រុលនិយមដឹកនាំដោយអ្នកនយោបាយចាស់វស្សា តែងតែអុជអាល និងបន្លាចប្រជាពលរដ្ឋគ្រប់រឿង រួមទាំងរឿងអាមេរិកដំឡើងពន្ធផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនបាននៅស្ងៀម ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនោះឡើយ ពោលគឺរាជរដ្ឋាភិបាល មានយន្ដការដោះស្រាយច្បាស់លាស់ដោយមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ។

សូមបញ្ជាក់ថា ៖ នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសកាត់បន្ថយពន្ធគយភ្លាមៗលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកចំនួន ១៩ មុខ និងបានស្នើសុំភាគីអាម៉េរិកសម្រាប់ការចរចាទាក់ទងនឹងការអនុវត្តពន្ធគយលើទំនិញនាំចូលពីកម្ពុជា។ នេះបើយោងតាមសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។

ក្នុងសារលិខិតចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីបានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការប្រកាសរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ស្តីពីការយកពន្ធគយ ៤៩ភាគរយ លើផលិតផលពីកម្ពុជា ចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតទៅ កម្ពុជាស្នើឱ្យមានការចរចាជាមួយភាគីអាម៉េរិកឱ្យបានឆាប់បំផុត និងស្នើឱ្យរដ្ឋាភិបាលអាម៉េរិកពិចារណាពន្យារពេលការអនុវត្តពន្ធគយខាងលើនេះ។

សម្តេចធិបតីបានបន្តថា ក្នុងស្មារតីនៃការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជាប្តេជ្ញាលើកកម្ពស់ការនាំចូលផលិតផលរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយសម្រាប់ផលិតផលចំនួន ១៩ ប្រភេទ ពីអត្រាពន្ធចងកាតព្វកិច្ច (Bound Rate) អតិបរមា ៣៥% មកត្រឹមអត្រាពន្ធអនុវត្តន៍ ៥% (Applied Rate)។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងផលិតភាពជាមួយរដ្ឋាភិបាលអាម៉េរិក ដើម្បីធ្វើយ៉ាងណាឱ្យពាណិជ្ជកម្មទ្វេភាគីកាន់តែស៊ីជម្រៅថែមទៀត ដើម្បីឱ្យប្រទេស និងប្រជាជនទាំងពីរទទួលបានអត្ថប្រយោជន៍ជាក់ស្តែងពីទំនាក់ទំនងពាណិជ្ជកម្មនេះ។

ជាមួយគ្នានេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើសារលិខិតជូនឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ស្នើចរចាជុំវិញវិធានការដំឡើងអត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិកមកលើទំនិញនាំចូលពីកម្ពុជា ដោយលោកជំទាវបានបន្ថែមថា “កម្ពុជាសូមស្នើឱ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក បង្កើតយន្តការចរចា និងពន្យារពេលនៃកាលបរិច្ឆេទកំណត់នៃការអនុវត្តពន្ធ ដើម្បីអនុញ្ញាតឱ្យមានការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ និងការវាយតម្លៃដ៏ហ្មត់ចត់ លើអភិក្រមជំនួស ដែលរក្សាបាននូវទាំងផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា”។

ក្នុងនាមក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវបានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក សម្រាប់ការបន្តគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យក្នុងរយៈពេល ៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រីបានមានប្រសាសន៍ថា៖ «កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរអង្វែងជាមួយសហរដ្ឋអាម៉េរិក ដែលផ្អែកលើការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍រួម និងការចូលរួមក្នុងន័យស្ថាបនា ក្នុងរយៈពេលជាច្រើនទសវត្សនេះ ដែលក្នុងនោះ ការនាំចេញភាគច្រើនរបស់កម្ពុជាទៅសហរដ្ឋអាម៉េរិកជាការបំពេញបន្ថែមដល់ផលិតផល និងឧស្សាហកម្មរបស់សហរដ្ឋអាម៉េរិក»៕

ដោយ ៖ សិលា


ចែករំលែក៖