ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសមរតកតេជោ ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ថ្លែងថា អ្វីដែលជាមោទនភាពបន្ថែមទៀតក្រៅតែពីសមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺ “ស្ពានអាកាសមរតកតេជោ” បានស្ថាបនាឡើងដោយកូនខ្មែរ។
-សម្តេចធិបតី ថ្លែងថា កម្ពុជានឹងមានស្ពានក្រោមទឹក នាពេលខាងមុខ ខណៈបច្ចុប្បន្នសមិទ្ធផលស្ពានអាកាសបានកំពុងរីកចម្រើនជាបន្តបន្ទាប់ ក្រោមស្នាដៃ ស្ថាបនាដោយកូនខ្មែរនោះ។
– សម្ដេចធិបតី ថ្លែងថា នៅពេលគេចោទយើងថាមិនធ្វើអ្វីទាំងអស់ ខ្ញុំមិនតប ប៉ុន្ដែខ្ញុំដើរតែសម្ពោធសមិទ្ធផលនានាដែលបានធ្វើផ្ទាល់នៅលើដីជូនដល់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់រដ្ឋបាលរាជធានី ខេត្តបន្តរៀបចំឱ្យមាន ផ្លូវថ្មើរជើង (Walk Street) ដែលជាការចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធទីក្រុង លើកកម្ពស់សុខុមាលភាព ជីវភាពប្រជាពលរដ្ឋ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ខណៈការដាក់ឱ្យប្រើប្រាស់ ផ្លូវថ្មើរជើង Walk Street កន្លងមកនេះ ទទួលបានការគំាទ្រយ៉ាងខ្លំាងពីប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា សម្ដេច បានបញ្ជាឱ្យរក្សាដីទុកនៅតំបន់ផ្លូវទំនប់កប់ស្រូវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ដោយត្រៀមដីជាង៧០ហិកតា ដើម្បីរៀបចំជាសួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋមកលេងកម្សាន្ត និងហាត់កីឡា។
-សម្ដេចធិបតី ថ្លែងកោតសរសើរដល់រដ្ឋបាលរជធានីភ្នំពេញ ដែលបានត្រៀមរួចរាល់ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋឥតគិតថ្លៃ ទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ ខណៈតាមការប៉ាន់ប្រមាណពលរដ្ឋ អាចចំណេញថវិកាជាង ១,៤លានដុល្លារ សម្រាប់ការធ្វើបុណ្យទាន តាមរយៈការជិះរថយន្តក្រុងឥតគិតថ្លៃនេះ។
-សម្ដេចធិបតី ថ្លែងណែនាំដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានម៉ត់ចត់លើការរៀបចំសំណង់ ជាពិសេសសំណង់ខ្ពស់ ដោយគិតគូរទៅលើគុណភាពនៃសំណង់។ ក្រៅពីនេះ ត្រូវពិនិត្យមើលអគារចាស់ៗនៅក្នុងទីក្រុងហើយចុះដោះស្រាយកុំឱ្យមានបញ្ហាកើតឡើង ខណៈប្រទេសក្នុងតំបន់កំពុងរងគ្រោះព្រោះរញ្ជួយដី។
-សម្ដេចធិបតី ថ្លែងថា អំពាវនាវដល់បណ្ដាជាងម៉ៅការសំណង់នានា សូមកុំធ្វើសំណង់ខ្វះគុណភាព ឬកិបកេង ដើម្បីធ្វើឱ្យរួចប្រញាប់លក់ចេញហើយសំណង់ខ្វះគុណភាព ខណៈការងារនេះ សម្ដេចនឹងពិនិត្យមើលដោយផ្ទាល់បន្ថែមទៀតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យបានគុណភាពសំណង់ដែលមានគុណភាព។
-សម្ដេចធិបតី ថ្លែងណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើតក្រុមការងារត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំចំពោះគុណភាពសំណង់ និងថែរក្សាសំណង់ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។
-សម្ដេចធិបតី ថ្លែងថា ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។ ខណៈកម្ពុជា បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។
-សម្តេចធិបតី ថ្លែងថា នៅសិង្ហបុរី ដើម្បីទិញរថយន្តជិះបាន ត្រូវទិញអាជ្ញាបណ្ណជាមុនសិន។ សម្រាប់កម្ពុជា មិនមានផែនការកំណត់បែបនេះឡើយ មានតែសប្បាយនៅពេលពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះ។
-សម្តេចធិបតី ថ្លែងណែនាំឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ គិតគូរពីការរៀបចំផ្លូវ ដើម្បីសម្រួលរំហូរចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
-សម្តេចធិបតី ថ្លែងថា ការធ្វើឱ្យបណ្តាញដឹកជញ្ជូនសាធារណៈក្នុងរាជធានីភ្នំពេញ អាចជោគជ័យទៅបាន គឺត្រូវរៀបចំការគ្របដណ្តប់ និងពង្រាយបណ្តាញធ្វើដំណើរឱ្យបានច្រើន។
-សម្តេចធិបតី ថ្លែងថា សម្តេចមានភាពសប្បាយរីករាយ នៅពេលរាជធានី ខេត្តរៀបចំសួនសាធារណៈកាន់តែច្រើន ដើម្បីការលំហែរបស់ប្រជាពលរដ្ឋ។
-សម្តេចធិបតី ថ្លែងថា សម្តេចណែនាំឱ្យរៀបចំដី៧០ហិកតា នៅទំនប់កប់ស្រូវ ធ្វើជាសួនសាធារណៈ។
-សម្តេចធិបតី ថ្លែងថា សម្តេចមិនខ្លាចនឹងអួតឡើយ ចំពោះសមិទ្ធផលកសាងដោយកូនខ្មែរ សមិទ្ធផលបម្រើប្រយោជន៍ប្រជាពលរដ្ឋ។
-សម្តេចធិបតី ថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំរថយន្តដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ជួយកាត់បន្ថយការចំណាយរបស់ពួកគាត់។
-សម្តេចធិបតី ថ្លែងថា សមិទ្ធផលស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន នៃរាជធានីភ្នំពេញ, មិនត្រឹមតែជាការដោះស្រាយ បញ្ហាការកកស្ទះចរាចរណ៍ក្នុងតំបន់នេះប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងជាការតភ្ជាប់វិស័យដឹកជញ្ជូន និង ប្រព័ន្ធឡូជីស្ទីកភាគខាងត្បូងរាជធានីភ្នំពេញ។
-ផ្តើមចេញពីហេតុការណ៍គ្រោះរញ្ជួយដីកើតឡើងនៅប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្តេចធិបតី ថ្លែងណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលរាជធានី-ខេត្ត និង ក្រសួងស្ថាប័ន ជំនាញពាក់ព័ន្ធត្រូវបង្កើនកិច្ចសហការ និង ពង្រឹងការអនុវត្តការងារបច្ចេកទេសក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ទាំងក្នុងវិស័យរដ្ឋ និង ក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយ បានជាអតិបរមានូវហានិភ័យ ដែលអាចកើតមានឡើង ដោយសារគ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្តាប្រទេសក្នុងតំបន់។
-សម្តេចធិបតី ថ្លែងណែនាំរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ (បង្ក្រាបចោរឆក់ ចោរលួច ចោរប្លន់ និងក្មេងទំនើង, ទាំងតាមសាលារៀន និង ក្នុងសហគមន៍) ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យបានល្អប្រសើរ ពោលគឺត្រូវបន្តចាត់វិធានការដូចភ្លៀងរលឹមជាប់ជាប្រចាំ, ជាពិសេសការបង្ក្រាបករណីក្មេងទំនើងត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ មិនត្រូវបន្ធូរដៃឡើយ។
-សម្តេចធិបតី ថ្លែងកោតសរសើរ និងសម្តែងក្តីពេញចិត្តចំពោះយុវជន និងនិស្សិត ដែលបានចងក្រងគ្នាជាក្រុមជួយដល់សំអាតសំរាមតាមប្រឡាយទឹក ទន្លេ និងទីសាធារណៈនានា៕
ដោយ៖តារា