ខេត្តកំពត÷ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងប្រាសាទមាស និងអភិសេករូបសំណាកលោកជំទាវម៉ៅ ស្ថិតនៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នាព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ។
ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់ បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងភរិយា, ប្រធានក្រុមប្រឹក្សាខេត្ត,ភរិយាថ្នាក់ដឹកនាំ អ្នកឧកញ៉ា មន្រ្តីរាជការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រជាពុទ្ធបិរស័ទ បានជួបជុំគ្នា ប្រារព្ធពិធីតាមបែបព្រះពុទ្ធសាសនានៅលើកំពូលភ្នំទ្វារនាឱកាសនេះ។
សូមបញ្ជាក់ផងដែរថា ប្រាសាទមាស លោកជំទាវម៉ៅ ត្រូវបានចាប់ផ្តើមកសាងឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមគំនិតផ្តួចផ្តើមរបស់បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ព្រមទាំងក្រុមគ្រួសារ ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួល សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រណិបត្តិលោកយាយម៉ៅផង និងជាកន្លែងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផង ព្រោះទីតាំងនេះមានខ្យល់អាកាសបរិសុទ្ធ អាចទស្សនាថ្ងៃរះ ថ្ងៃលិច ពិសេសមើលឃើញផ្ទៃសមុទ្រ ជួរភ្នំ និងទីរួមខេត្តកំពតផងដែរ។ ពិសេសបានចូលរួមចំណែកអភិរក្សការកសាងកន្លែងជំនឿ លើក ស្ទួយដល់ដល់វិស័យទេសចរណ៍តាមបែបជំនឿសាសនា ព្រោះទីតាំងនេះមានសក្តានុពលធម្មជាតិស្រាប់ ដែលអំណោយផលដល់ការទាក់ទាញភ្ញៀវទេសចរ ដែលបានប្រែក្លាយតំបន់នេះទៅជាគោលដៅទេសចរណ៍សំខាន់ថ្មីមួយទៀតរបស់ខេត្តកំពត៕
ដោយ៖សូរិយា