ភ្នំពេញ ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីសុំសេចក្តីសុខសិរីសួស្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តចូលរួមយ៉ាងច្រើនកុះករសំណាក់លោក លោកស្រី គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សមាជិក សមាជិការដ្ឋសភា ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
នៅមុនពិធីសូត្រមន្តតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក៏មានការសម្តែងរបាំត្រុដិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃទាំងឡាយក្នុងឆ្នាំចាស់ ឱ្យជៀសចាកចេញឆ្ងាយផុត ហើយនាំមកវិញនូវសិរីសួស្តីជ័យមង្គលដ៏បវរមហាប្រសើរ សម្បូរសប្បាយ ប្រកបដោយសុភមង្គល សម្រាប់ឆ្នាំថ្មីជារៀងរហូតទៅ។
សូមទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី បុត្រីទី២ នៃកបិលមហាព្រហ្ម តាមជួយបីបាច់ថែរក្សា ការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យជូនទឹកដីនៃព្រះរាជាណាចកម្ពុជានិងពលរដ្ឋខ្មែរទំាងអស់ សូមបានប្រកបដោយពុទ្ធពរដ៏ល្អប្រសើរថ្លៃថ្លាទំាងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា