ព័ត៌មានទាន់ហេតុការណ៍៖

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធ​ករណីឃាតកម្ម នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី​០៨​ ខែមេសា​ ឆ្នាំ​២០២៥នេះថា៖​ មានករណីប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ នៅចំណុច​អូរចម្លងស្នេហ៍ ស្ថិតក្នុងភូមិដីល្អ ឃុំអូររំដួល​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង​ ដោយសង្ស័យជាករណីឃាតកម្ម ជនរងគ្រោះមានឈ្មោះ​ ផន សីហា ហៅកិប ភេទប្រុស អាយុ​២៥ឆ្នាំ ស្នាក់នៅ​ភូមិ​ ឃុំ​កើតហេតុ​។

     ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសខាងលើ។

      លុះនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សេន ណាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចភូមទំនប់ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

      ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃកើតហេតុ(មិនចាំថ្ងៃ) ខ្លួន និងជនរងគ្រោះបានផឹកស៊ីជាមួយគ្នា ដោយបានទាស់ពាក្យសម្តីជាមួយគ្នា បន្ទាប់មកខ្លួនក៏បានយកម៉ាលេត វាយទៅលើក្បាលជនរងគ្រោះ បណ្តាលស្លាប់ភ្លាបៗតែម្តង ។

      បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ៕

ដោយ​៖ តារា​


ចែករំលែក៖