ភ្នំពេញ៖ លោកបណ្ឌិត កៅ មុយថង អ្នកវិភាគនៅកម្ពុជា បានថ្លែងចាត់ទុក មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីចុងសប្តាហ៍ បង្ហាញច្បាស់ពីមិត្តដែកថែបដែលតែងតែនៅក្បែរគ្នា និងជួយគ្នាក្នុងគ្រាលំបាក។
លោកបណ្ឌិត បានប្រាប់ឲ្យដឹង នៅថ្ងៃទី៨ ខែមេសា ថា « កម្ពុជា និងចិន គឺជាមិត្តដែកថែប ដែលតែងតែនៅក្បែរគ្នា និងជួយគ្នា ក្នុងគ្រាលំបាក។ ក្នុងន័យនេះ ក្រោមការចង្អុលបង្ហាញជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំកម្ពុជា ប្រទេសយើងទាំងពីរ បានខិតខំពង្រឹងកិច្ចសហប្រតិបត្តិការនានា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់, និងស្តង់ដារខ្ពស់។
ដោយឡែក លើ វិស័យការពារជាតិវិញ គេមើលឃើញថា ប្រទេសយើងទាំងពីរក៏មានឯកភាពគ្នាក្នុងការលើកកម្ពស់ការចូលរួមកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរការងារ ស្តីពីអភិបាលកិច្ច…រាប់ទាំងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបន្តធ្វើសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា មានជាអាទិ៍ សេវាសុខាភិបាល និងភស្តុភារកម្ម, ការបណ្តុះបណ្តាលបុគ្គលិក និងការបោសសម្អាតមីន ជាដើម….ហ្នឹងគឺជាកិច្ចសហប្រតិបត្តិការក្នុងអ្វីដែលពាក់ព័ន្ធនឹងវិស័យការពារជាតិ»។
គួរបញ្ជាក់ថា សមយុទ្ធ «នាគមាស ២០២៥» ក៏ត្រូវបានចាប់ផ្ដើមដំណើរការយ៉ាងជោគជ័យ នៅមជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាចិន-កម្ពុជា ផែរាម ផងដែរ នេះបើតាម លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា៕
ដោយ៖ តារា