ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកម្លាំងឈរជើងទប់ស្កាត់បទល្មើសព្រៃឈើនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពឈរជើងទប់ស្កាត់បទល្មើសព្រៃឈើនៅ  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីសំណេះសំណាល ឧត្តមសេនីយ៍ទោ សេង ធារិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក និងយោធភូមិភាគទី៥ ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន  ដែលបានលះបង់កម្លាំងកាយចិត្តក្នុងភារកិច្ចការពារបូរណភាពទឹកដី។

ឧត្តមសេនីយ៍ទោ បានជំរុញឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន  បន្តយកចិត្តទុកដាក់ក្នុងកិច្ចការពារ ទប់ស្កាត់បទល្មើសព្រៃឈើឱ្យបានដាច់ខាត និងសេចក្តីថ្លៃថ្នូររបស់កងទ័ព។ 

ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានពាំនាំអំណោយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត  និងបណ្តាអង្គភាពចំណុះមានដូចជា គ្រឿងទេស, ភេសជ្ជៈ, ស្បៀងក្រៀម និងថវិកា មួយចំនួនផងដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖