សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងនៅថ្ងៃទី៩ ខែកញ្ញា បាន បញ្ជាក់ថា ប្រទេសនេះបានធ្វើការសាកល្បងបំផ្ទុះក្បាលគ្រាប់បែកបរមាណូដោយជោគជ័យនៅទីតាំងសាកល្បងភាគខាងជើងប្រទេស ។
ការប្រកាសខាងលើធ្វើឡើងក្រោយ ប៉ុន្មានម៉ោងដែលមានការផ្ទុះបង្កឲ្យមានការរញ្ជួយដីស្មើនឹងការរញ្ជួយដីកម្រិត៥,៣រុិចទ័រស្ថិតនៅជិតទីតាំងសាកល្បង Punggye-ri។ ភាគីកូរ៉េខាងជើងបានផ្សាយថា ការសាកល្បងបរមាណូលើកនេះមានការបែកធ្លាយសារធាតុបរមាណូចេញក្រៅ តែមិនប៉ះពាល់ដល់បរិស្ថាននោះឡើយ ។
បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើងក៏បានផ្សាយដែរថា កូរ៉េខាងជើងទទួលបានជោគជ័យនៅក្នុងការត្រៀមបំពាក់ក្បាលគ្រាប់បរមាណូទៅលើកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ។ ចំណុចទាំងនោះបានបញ្ជាក់ យ៉ាងច្បាស់ថា កូរ៉េខាងជើងអាចនឹងផលិតក្បាលគ្រាប់បរមាណូបង្រួមតូចបានតាម
ចិត្តដោយមានកម្លាំងបំផ្លាញខ្លាំង។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា បើទោះបីរងការដាក់ទណ្ឌកម្មពី សហគមន៍អន្តរជាតិក្តីក៏កូរ៉េខាងជើងនៅតែបន្តកម្មវិធីបរមាណូរបស់ខ្លួនយ៉ាងសកម្ម ជាងមុនទៅទៀត ។
មានប្រសាសន៍ស្តីពីការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥របស់កូរ៉េខាងជើងនេះប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីផាក គឿនហេ បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពទាំងនោះ ។ ទន្ទឹមនឹងនេះ លោកស្រីផាក គឿនហេ បញ្ជាក់ថា គឺជាការប្រថុយប្រថានខ្វះការពិចារណារបស់រដ្ឋាភិបាល គីម ជុងអ៊ុន។
ភ្លាមៗនោះលោកស្រីផាក ក៏បានពិភាក្សា ជាមួយប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា ស្តីពីសកម្មភាពសាកល្បងបរមាណូ ខាងលើ។ លោកស្រីបន្តទៀតថាទីក្រុងសេអ៊ូលនឹងធ្វើគ្រប់យ៉ាងដើម្បីដាក់គំនាបទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
សូមបញ្ជាក់ដែរថា នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា មានការ រញ្ជួយដីកម្រិត៥,៣រុិចទ័រនៅជិតតំបន់ សាកល្បងបរមាណូ Punggye –ri ក្នុងទឹក ដីកូរ៉េខាងជើង ។
តំបន់នោះក៏ជាទីតាំងសាកល្បងគ្រាប់បែកបរមាណូកាលពីខែមករាកន្លងមកផងដែរ ។ ដូចជាការសាក
ល្បងនាពេលកន្លងមកក្រោយការបាញ់មីស៊ីលបង្កឲ្យមានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិប៉ុន្មានថ្ងៃគឺកូរ៉េខាងជើងចាប់ផ្តើមសាកល្បងបរមាណូ ។
កូរ៉េខាងជើងអបអរទិវាឯករាជ្យជាតិដោយការសាកល្បងគ្រាប់បែកបរមាណូលើកទី៥នៅព្រឹកថ្ងៃទី៩ ខែកញ្ញាទូរទស្សន៍កូរ៉េខាងជើងបានផ្សព្វផ្សាយវីដេអូខ្លីមួយស្តីអំពីកម្មវិធីរំលឹកខួប៦៨ឆ្នាំទិវាឯករាជ្យ
កូរ៉េខាងជើងដោយមានការស្វាគមន៍នូវការសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥។
ពីធីរំលឹកខួប៦៨ឆ្នាំធ្វើឡើងនៅសាលធំក្នុងទីក្រុងព្យុងយ៉ាងក្រោយការផ្សាយឃ្លីបវីដេអូបានប៉ុន្មានម៉ោងគឺនៅម៉ោង៩និង៣០នាទីការសាកល្បងក្បាលគ្រាប់បរមាណូលើកទី៥ក៏ធ្វើឡើងបង្កឲ្យមានការរញ្ជួយដីបណ្តាលមកពីកម្លាំងផ្ទុះខ្លាំងនៅក្រោមដី។
ក្នុងពេលជាមួយគ្នានេះក្រសួងការពារជាតិចិនបានប្រកាសភាពអាសន្ននៅតាមតំបន់ព្រំដែនជាប់កូរ៉េខាងជើង ដោយបានដាក់ម៉ាស៊ីនវាស់សារធាតុវិទ្យុសកម្មក្រោយពេលដែលមានការបែកធ្លាយសារធាតុវិទ្យុសកម្មចេញមកលើដី ៕ ម៉ែវ សាធី