ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន៖ ក្រសួងពាណិជ្ជកម្ម​ សូមជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់ស្ដីពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋអាម៉េរិក

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរជន និងអ្នកនាំចេញទាំងអស់មេត្តាជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បាននិងកំពុងបន្តផ្តល់ ការយកចិត្តទុកដាក់យ៉ាងគត់មត់តាមដានការវិវត្តនៃការអនុវត្តពន្ធគយបដិការ (Reciprocal Tariffs) របស់សហរដ្ឋ- អាម៉េរិក និងត្រៀមរៀបចំយន្តការស្វែងរកដំណោះស្រាយសមស្របជាមួយសហរដ្ឋអាម៉េរិក។ 

ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនអំពីវឌ្ឍនភាពចុងក្រោយលើការអនុវត្តពន្ធគយបដិការ ដូចខាងក្រោម៖

១- យោងតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាម៉េរិក) ឯកឧត្តមប្រធានាធិបតី Donald J. Trump បានប្រកាសព្យួរការអនុវត្តពន្ធគយបដិការរបស់ខ្លួន មកត្រឹម អត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំងអស់ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះ រួមមាន កម្ពុជា ផងដែរ។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% តែប៉ុណ្ណោះ។

២- រាជរដ្ឋាភិបាលទទួលបានចម្លើយជាវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះ ស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយតបភ្លាមៗ តាមរយៈលិខិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ និងលិខិតរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដោយបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញរបស់សហរដ្ឋអាម៉េរិកនាំចូលមកកម្ពុជា។

៣- ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ។

អាស្រ័យហេតុនេះ សូម សាធារណជន ធុរជន និងអ្នកនាំចេញ មេត្តាជ្រាបជាព័ត៌មាន។ រាជរដ្ឋាភិបាលនឹងបន្តធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុតដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជាយើង៕

ដោយ៖ តារា


ចែករំលែក៖