ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូអត់បង់ពន្ធដាក់បន្លំជាមួយម៉ូតូមានពន្ធនាំចូលទាំងថ្ងៃតាមច្រកខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ ប្រភពព័ត៌មានពីខេត្តកោះកុងរាយការណ៍មកថា ប៉ុន្មានថ្ងៃចុងក្រោយបន្ទាប់ពីបែកធ្លាយរឿងមិនប្រក្រតី របស់មន្ត្រីគយ នៅខេត្តកោះកុងដែលមហាជនសង្ស័យថាមានការឃុបឃិតគ្នាជាមួយ ឈ្មួញ រកស៊ីជួញម៉ូតូគេចពន្ធនៅ ឃុំប៉ាក ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងមក ពួកគាត់សង្កេតឃើញថា មានការប្រែប្រួល នៃល្បិចដឹកជញ្ជូនម៉ូតូគេចពន្ធឆ្ពោះទៅ ទីក្រុងភ្នំពេញ ។

ប្រភពបាននិយាយថា កាលពីមុនម៉ូតូ អត់បង់ពន្ធ១រថយន្តគឺ១រថយន្តតែម្តងមិនមានការលាយឡំជាមួយ ម៉ូតូមានពន្ធនោះ ទេ តែឥឡូវនេះម៉ូតូអត់ពន្ធទាំងនោះគេកៃច្នៃ មកបង់ពន្ធខ្លះអត់ខ្លះហើយដឹកចេញយ៉ាងសង្ហាតែម្តង ។

ប្រភពដដែលបានបន្តថា សព្វថ្ងៃចំណតទូកដែលឡើងម៉ូតូគេចពន្ធកន្លងមកនោះ មានការយាមកាមតឹងរឹុងណាស់ ក្រៅពីក្រុមការងារល្មើសច្បាប់ពួកគេមិនអនុញ្ញាតឲ្យអ្នកផ្សេងបានចូលទៅជិតឡើយ ។

មន្ត្រីរាជការក្នុងខេត្តកោះកុងមួយចំនួន បាននិយាយថា កន្លងមកក៏ដូចបច្ចុប្បន្ន មន្ត្រីគយ នៅក្នុងខេត្តនេះហាក់បីដូចជាមិន សូវស៊ីចង្វាក់ជាមួយថ្នាក់ដឹកនាំខេត្តនោះទេ គឺធ្វើព្រងើយតែម្តង ។

មន្ត្រីរូបនោះបានបន្តថាមុខជំនួញគេចពន្ធគ្រប់រូបភាពដែលកំពុងកើតមានសព្វថ្ងៃនៅខេត្តកោះកុងបានធ្វើឲ្យថវិការដ្ឋខាតបង់យ៉ាងធ្ងន់ធ្ងរ ក្នុងមួយឆ្នាំៗ នេះជាហេតុផលដែលតម្រូវឲ្យអាជ្ញាធរខេត្តកោះកុង គួរតែគិតគូរចំពោះមន្ត្រីជំនាញទាំងនោះ ឡើងវិញ ។

ទាក់ទិននឹងសេចក្តីរាយការណ៍ខាងលើនេះកាសែតនគរវត្តមិនអាចទាក់ទងសុំការបំភ្លឺ ពីលោក សំ កុសល ប្រធានសាខា គយនិងរដ្ឋករខេត្តកោះកុងបានទេ នៅ ពេលនេះ ។

ទោះជាយ៉ាងនេះក្តី សូមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យឡើងវិញផងកុំទុក យប់ យូរសុបិន្តច្រើន ៕ហេង នរិន្ទ្រ

koshkong-1 koshkong-2

 


ចែករំលែក៖