ទីក្រុងប៉េកាំងបន្ថែមហូលីវូដទៅក្នុងបញ្ជីសងសឹកពន្ធរបស់អាមេរិកដោយប្រកាសថា ខ្លួននឹងកាត់បន្ថយការនាំចូលខ្សែភាពយន្តអាមេរិក។ ប្រទេសចិនបានប្រកាសកាលពីថ្ងៃទី 10 ខែមេសាថា ខ្លួននឹងរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដជាការសងសឹកចំពោះការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក Donald Trump លើទំនិញរបស់ទីក្រុងប៉េកាំង បើទោះបីជាអ្នកវិភាគបាននិយាយថា ផលប៉ះពាល់ទំនងជាមានតិចតួចក៏ដោយ។
អ្នកនាំពាក្យរដ្ឋបាលភាពយន្តចិនបានថ្លែងថា ការកែសម្រួលនេះគឺធ្វើឡើងស្របតាមគោលការណ៍ទីផ្សារ និងដោយសារតែការដំឡើងពន្ធថ្មីៗរបស់អាមេរិកលើទំនិញចិន ដែលបានជះឥទ្ធិពលអវិជ្ជមានដល់ចំណាប់អារម្មណ៍របស់អ្នកទស្សនាជនជាតិចិន ចំពោះភាពយន្តអាមេរិក។
អ្នកនាំពាក្យបានបន្តថា «យើងនឹងគោរពតាមយន្តការទីផ្សារ គោរពជម្រើសរបស់អ្នកទស្សនា ហើយនឹងកាត់បន្ថយចំនួនភាពយន្តដែលនាំចូលពីសហរដ្ឋអាមេរិកជាមធ្យម»។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិន ដែលជាទីផ្សារភាពយន្តធំទីពីររបស់ពិភពលោក នៅតែប្តេជ្ញាខ្ពស់ក្នុងការបើកទូលាយ ហើយនឹងបន្តនាំចូលខ្សែភាពយន្តល្អៗពីបណ្តាប្រទេសផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )