អន្តរជាតិ ៖ ក្រសួងហិរញ្ញវត្ថុចិន នៅថ្ងៃទី១១ ខែមេសា បានប្រកាសយ៉ាងច្បាស់ៗថា ខ្លួននឹងលែងអើពើចំពោះពន្ធគយអាមេរិក ដែលអាចនឹងដាក់បន្ថែមមកលើចិន។ ការប្រកាសបែបនេះ ធ្វើឡើងក្រោមហេតុផល ពន្ធគយ១២៥ភាគរយ នឹងធ្វើឱ្យទំនិញអាមេរិករងផលលំបាកខ្លាំង ក្នុងទីផ្សារចិន។
ការដំឡើងពន្ធគយរហូតដល់ ១២៥ របស់ចិន លើទំនិញអាមេរិក នឹងចូលជាធរមាន នៅថ្ងៃទី១២ ខែមេសា ក្រោយអាមេរិកដំឡើងពន្ធគយលើចិនដល់ ១៤៥ភាគរយ។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំថា សហរដ្ឋអាមេរិកគិតតែពីផលប្រយោជន៍ខ្លួនឯង ហើយបានប្រើពន្ធគយជាអាវុធដើម្បីដាក់សម្ពាធជ្រុលហួសហេតុ និងស្វែងរកផលប្រយោជន៍ខ្លួនឯង គឺបានបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេសទាំងអស់ រំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អង្គការពាណិជ្ជកម្មពិភពលោក និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានបទប្បញ្ញត្តិជាមូលដ្ឋាននិងស្ថិរភាពនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចសកល។ នេះ ជាទង្វើដ៏គឃ្លើនដែលផ្ទុយពីបំណងប្រជាជន និង ជា ទង្វើ ប្រឆាំង នឹង ពិភពលោក ទាំងមូល។
លោក Lin Jian បានថ្លែងបន្តថា ការចាត់វិធានការដ៏ចាំបាច់ដើម្បីប្រឆាំងនឹងការគាបសង្កត់របស់សហរដ្ឋអាមេរិក មិនត្រឹមតែធ្វើឡើងដើម្បីការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារសច្ចធម៌ និងយុត្តិធម៌អន្តរជាតិ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងផលប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិផងដែរ៕
ដោយ ៖ សិលា