ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូជាន់ខ្ពស់រដ្ឋកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា ឃួន សុដារី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល

ចែករំលែក៖

សាធារណរដ្ឋកូរ៉េ ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោក៖ ការបង្កើតយុគសម័យថ្មី ដែលមានសន្តិភាព និងវិបុលភាព” ដោយមានប្រតិភូចូលរួមសរុបប្រមាណជិត ១០០០នាក់ ក្នុងនោះមានគណៈប្រតិភូបរទេសចំនួនប្រមាណ ៥០០នាក់ ដែលក្នុងនោះមានប្រតិភូស្ថាប័នសភាចំនួន ៤៥ ប្រទេស។ 

ក្នុងពិធីបើកកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់ (UPF)នេះ មានការអញ្ជើញថ្លែងសុន្ទរកថា ដោយវាគ្មិនកិត្តិយសសំខាន់ៗ រួមមានៈ លោកបណ្ឌិត ឆាល យ៉ាង (Dr. Charles S. Yang) ប្រធាន UPF អន្តរជាតិ លោកស្រី ប៉ូលឡា វាយ ខេន (Poster Paula White Cain) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសាសនា របស់ប្រធានាធិបតី ត្រាំ នៃសហរដ្ឋអាមេរិក និង លោក ភីលមិន យ៉ាង (Hon. Philemon Yang) ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៩ ដែលបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាព និងការធ្វើការរួមគ្នា ដើម្បីថែរក្សា និងលើកកម្ពស់សន្តិភាព និងវិបុលភាពរួម។ 

សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ ជាការជួបជុំដ៏ធំមួយដែលមានគណៈប្រតិភូមកពីស្ថាប័នផ្សេងៗគ្នា មានទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំសាសនា អ្នកស្រលាញ់សន្តិភាព និងវិស័យឯកជន សង្គមស៊ីវិល នៅក្នុងគោលដៅតែមួយដើម្បីការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក។

កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តិទៅស្របខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ និងស្របពេលដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈម វិបត្តិនានា និងជាវេទិកាមួយដ៏សំខាន់ផ្តល់ឱកាសឱ្យមានការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ។ ដូច្នេះអ្នកចូលរួមទាំងអស់គ្នា មានក្តីសង្ឃឹមថានេះជាឱកាសមួយដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យោបល់គ្នា និងស្វែងរកនូវវិធីសាស្រ្តគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ក្រោយពិធីបើកជាផ្លូវការ និងសម័យប្រជុំពេញអង្គលើកទី១ បញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ពិសេសមួយទៅកាន់កិច្ចប្រជុំនៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖