ខេត្តស្ទឹងត្រែង៖ ស្ថិតនៅសួរច្បារមាត់ទន្លេ ជិតស្ពានសេកុង ក្នុងភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង និងមានរូបសំណាកអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ជានិមិត្តរូបនៃការគោរពស្រឡាញ់ និងបង្ហាញពីការរំលឹកដល់ការចងចាំមរតកស្នាដៃបទចម្រៀង និងជាទីរំលឹកដល់ក្រុមគ្រួសាររបស់លោក។ ជាការរួមចំណែក លើកកម្ពស់ទេសចរណ៍ និងអភិវឌ្ឍន៍សោភ័ណ្ឌភាពខេត្ត ជាកន្លែងទាក់ទាញថ្មី សម្រាប់អ្នកដំណើរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងកូនស្រីបង្កើត អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត បានរៀបចំពិធី ក្រុងពាលី ការតម្លើងរូបសំណាកនោះ គឺជិតមណ្ឌលព័ត៌មានទេសចរ ក្បែរគល់ស្ពានសេកុង ។
គួរបញ្ជាក់ផងដែរថា៖ រយៈពេល១០ខែនៃការកាន់តំណែងរបស់លោកអភិបាលខេត្ត គឺបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលជាច្រើនកន្លែង ក្នុងនោះមានកន្លែងហាត់ប្រាណ, សួនកុមារ, រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្តេចព្រះមហាសុ មេធាធិបតីជោតញ្ញាណោ ជួន ណាត, រូបសំណាកអ្នកព្រះភិរម្យភាសា អ៊ូ ហៅ ក្រម ង៉ុយ និងផ្ទាំងភាសាខ្មែរចំនួន២ផ្ទាំង ក្នុងក្រុងស្ទឹងត្រែង។
អ្វីដែលកាន់តែពិសេសក្នុងពិធីបើកស្ទឹងត្រែង សង្រ្កាន្ត ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ ទីលាននាគជ័យ និងទីលានតេជោសន្តិភាព បានបើកឱ្យប្រជាជន និងទេសចរ មកលេងកំសាន្ត គឺលេងល្បែងប្រជាប្រិយខ្មែរ និង សំរាប់រៀបចំកម្មវិធីផ្សេងៗថែមទៀតផង។
លោក សរ សុពុត្រា បានបញ្ជាក់ថា សមិទ្ធផលដែលកើតចេញនាពេលនេះសរបញ្ជាក់ឲ្យយើងឃើញអំពីការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ស្របពេលដែលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងមានការអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យមានសន្តិភាព ស្ថិរភាពនយោបាយមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងអាណាចក្រ ទាំងពុទ្ធចក្រ។
លោកអភិបាលខេត្តបន្ថែមថា ប្រទេសជាតិមានសន្តិភាព សេរីភាព ការអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យនាបច្ចុប្បន្ន ដោយសារតែការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ បន្ថែមពីនោះទៀត លោកក៏សូមឱ្យប្រជាពលរដ្ឋត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងកុំជឿលើកការញុះញង់របស់ក្រុមប្រឆាំងឱ្យសោះ ៕
ដោយ៖សូរិយា