សិស្សស្រីអាយុ១៤ឆ្នាំបានបាញ់ប្រហារទៅលើសិស្សផ្សេងៗទៀត នៅក្នុងសាលា Alpine ភាគខាងលិចរដ្ឋតិចសាស អាមេរិក បណ្តាលឲ្យ របួស២ម្នាក់ ។ សិស្សស្រីខាងលើ ក៏បានប្រើកាំភ្លើងធ្វើអត្តឃាតក្រោយបាញ់ប្រហារ ។
សូមបញ្ជាក់ថា សិស្សដៃដល់ទើបតែផ្លាស់មករៀននៅសាលា Alpine បាន៦ខែប៉ុណ្ណោះ ។ នៅពេលនេះប៉ូលិសកំពុងបើកការស្រាវជ្រាវធ្វើឲ្យបានច្បាស់ពីហេតុការណ៍ងនោះ ។
ចំណែកទីភ្នាក់ងារចិនស៊ីនហួ ចុះផ្សាយនៅថ្ងៃ សុក្រទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា សិស្សម្នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀត រងរបួស នៅពេលដែលហេតុការណ៍បាញ់ប្រហារមួយផ្ទុះឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ នៅឯវិទ្យាល័យមួយ នៅក្នុងទីក្រុង Alpine រដ្ឋតិចសាស ។
ក្រុមប៉ូលីសបាននិយាយថា ហេតុការណ៍នៃការផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៨ព្រឹក ហើយខ្មាន់កាំភ្លើង ដែលជាក្មេងស្រីនោះ គឺជាមនុស្សដែលបានស្លាប់ ដោយសារតែនាងបានបាញ់ខ្លួនឯង សម្លាប់នៅក្រោយពេលបាញ់ឲ្យរបួសក្មេងស្រីម្នាក់ទៀត នៅក្នុងទីធ្លាវិទ្យាល័យ។
នៅក្នុងហេតុការណ៍នេះដែរ ក្រុមប៉ូលីស២នាក់ ក៏បានទទួលរងរបួសផងដែរ ដោយសារក្រុមតម្រួតរបស់សាលា។
ការបាញ់ប្រហារនៅក្នុងសាលារៀងបង្កឲ្យមានការព្រួយបារម្ភសារជាថ្មីម្តងទៀត ដល់អាណាព្យាបាលសិស្ស ដោយកន្លងមក មានការបាញ់ប្រហារជាបន្តបន្ទាប់ សម្លាប់សិស្សជាច្រើននាក់៕ ម៉ែវ សាធី