ខេត្តប៉ៃលិន៖ពលរដ្ឋជាច្រើននាក់ក្នុងឃុំអូរអណ្តូងបានរៀបរាប់ឲ្យអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃទី៩ ខែកញ្ញាថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាគ្រាប់មីន ដែលសេសសល់ពីសម័យសង្គ្រាម នៅរាយប៉ាយពាសពេញដី មិនថាដី ដែលអាជ្ញាធរបានសំអាតហើយ និងដីមិនទាន់បោសសំអាត ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ០១៦ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ មានករណីពលរដ្ឋបានប្រទះឃើញគ្រាប់មីនចំនួន០២គ្រាប់ ដែលនៅក្នុងដីខណៈពេលដែលពួកគាត់កំពុង ជីកដី ដើម្បីយករ៉ែត្បូងក៏ប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្អើលរត់ចែកជើងគ្នា តែមិនបង្កឲ្យពលរដ្ឋណារងគ្រោះថ្នាក់នោះទេ បន្ទាប់មកក៏រាយប្រាប់អាជ្ញាធរមូលដ្ឋានឲ្យដឹងផងដែរ ។
អ្នកមីងម្នាក់ឈ្មោះ យិន សំណាង រស់នៅភូមិ ថ្នាល់ទទឹង ឃុំអូរអណ្តូង បានឲ្យដឹងថា៖ ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាគ្រាប់មីន នៅលើដីដែលអាជ្ញាធរមីន បានបោសសំអាតរួច ព្រមទាំងប្រគល់ឲ្យពួកគាត់ទៅរស់នៅ តែនៅថ្ងៃនេះ ពួកគាត់ក៏បានប្រទះឃើញក៏មានការភ្ញាក់ផ្អើល ។ អ្នកមីង ក៏បានសំណូមពរដល់អាជ្ញាធរមីនផង ចំពោះបញ្ហានេះ ដោយឲ្យអាជ្ញាធរពិនិត្យឡើងវិញចំពោះដី ដែលបានបោសសំអាតរួច និងដីដែលនៅសេសសល់ ផងដែរ ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក គង់ ណន អធិការរងស្រុកសាលាក្រៅ បានឲ្យដឹងថា៖ បើតាមលោកដឹងដីនៅចំណុចកើតហេតុខាងលើ ដែលពលរដ្ឋប្រទះឃើញគ្រាប់មីននោះ ជាដីដែលអាជ្ញាធរមីន បានដោះរួចរាល់ទៅហើយ ព្រមទាំងប្រគល់ឲ្យប្រជាពលរដ្ឋរស់នៅផងដែរ ហើយគ្រាប់មីនដែលពលរដ្ឋប្រទះឃើញជាមីនស្គ ដែលសល់ពីសម័យសង្គ្រាម ។ លោកបានឲ្យដឹងទៀតថា៖ សង្គ្រាមនៅកម្ពុជា ដែលកើតឡើងជិត ៣ទសវត្សរ៍ បានបន្សល់ទុកមត៌កដ៏ធ្ងន់ធ្ងរ បើគិតចាប់ពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន ហើយរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលកំពុងតែនៅសេសសល់រាយប៉ាយជាច្រើនកន្លែង នៅក្នុងប្រទេសកម្ពុជា ។
លោកបន្តឲ្យដឹងទៀតថា៖ ថ្វីត្បិតតែរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយ បានប្រឹងប្រែងយ៉ាងខ្លាំងទៅលើសកម្មភាពរំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីផ្ទៃដីនៃប្រទេសកម្ពុជា រយៈពេលជាង ២០ឆ្នាំមកហើយក្តី ក៏គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែបង្កគ្រោះថ្នាក់ និងគំរាមកំហែងប្រជាពលរដ្ឋនៅឡើយ ជាក់ស្តែងនៅថ្ងៃនេះតែម្ដង ៕ ស សារ៉េត