ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ផ្ញើសារលិខិតជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត» ឆ្នាំម្សាញ់

ចែករំលែក៖

ភ្នំពេញ ៖ សារជូនពរ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ “សង្ក្រាន្ត” ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥

សូមក្រាបថ្វាយបង្គំ សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ សម្តេចព្រះមហាសង្ឃរាជនៃ គណៈមហានិកាយ សម្តេចព្រះរាជាគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សម្តេច ព្រះអម្ចាស់ អ្នកអម្ចាស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាទីគោរពស្នេហា

បងប្អូនជនរួមជាតិ ដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស ជាទីគោរពស្រឡាញ់!

នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ “សង្ក្រាន្ត” ដែលប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃចន្ទ ២រោច ដល់ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួម អបអរសាទរជាមួយនឹងជនរួមជាតិទាំងអស់ដែលកំពុងរស់នៅក្នុង និងក្រៅប្រទេសប្រកបដោយក្តីសោមនស្ស រីករាយ សិរីសួស្តី និងជ័យមង្គល បវរមហាប្រសើរ វិបុលសុខគ្រប់ប្រការក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។

ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ «សង្ក្រាន្ត» ក្នុងរយៈពេលបីថ្ងៃ ជាឱកាសសម្រាប់ប្រជាពលរដ្ឋយើង រួមគ្នាជម្រុះចោលឱ្យជ្រះស្រឡះនូវអពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួង ក្នុងឆ្នាំចាស់ ឆ្នាំរោង ឆស័ក ដែលបានកន្លងផុតទៅ ហើយតាំងចិត្តជាថ្មីក្នុងការប្រព្រឹត្តអំពើល្អ ប្រកបដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាចាប់ពីឆ្នាំថ្មីនេះតទៅ។

បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយស្មើមុខស្មើមាត់ដូចបណ្តាប្រទេសជឿនលឿនលើពិភពលោក។ ប្រជាជនកម្ពុជាកំពុងរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនិងម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងកំពុងរួមសាមគ្គីគាំទ្រដល់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើមនុញ្ញផល ក្រោមម្លប់សន្តិភាព ក្នុងការកសាងនិងការពារមាតុភូមិ ក៏ដូច ការលើកស្ទួយជីវភាពរបស់ប្រជាជនខ្លួនប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជាបានជាប់ឆ្នោតជា សមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៥-២០២៦ និងបានអនុម័តសេចក្តីសម្រេចសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍ តិចតួចជាផ្លូវការ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។

ឆ្នាំ២០២៤ កន្លងទៅនេះ ជាឆ្នាំដំបូងនៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបាន សម្រេចសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។ ជាក់ស្តែង សន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យជាតិ និងបូរណភាពទឹកដីត្រូវបានរក្សា ការពារ យ៉ាងគត់មត់ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពរឹងមាំ ព្រមជាមួយនឹងការធានាបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុសាធារណៈ និងស្ថិរភាពនៃជីវភាពរបស់ប្រជាជន។ ជាមួយនេះ ការទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេស និងដៃគូអភិវឌ្ឍន៍នានាកាន់តែត្រូវ បានពង្រឹងនិងពង្រីកឡើងជាបន្តបន្ទាប់។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ ដើម្បីជាឧត្តមប្រយោជន៍សេដ្ឋកិច្ចជាតិនិងពង្រឹងឯករាជ្យខាងនយោបាយលើការដឹកជញ្ជូនផ្លូវទឹក។ ជាងនេះទៅទៀត នៅចុងឆ្នាំ២០២៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំជាអន្តរជាតិ ប្រកបដោយជោគជ័យ ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (CDI-IDC), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP12″), សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាពលើកទី១១ (IPTP-11) និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។ តាមរយៈកិច្ចប្រជុំទាំងនេះ យើងបាន លើកស្ទួយថែមទៀតនូវកិត្យានុភាពរបស់កម្ពុជា ដោយបណ្តាប្រទេសជាច្រើនបានទទួលយកនូវមេរៀនពិសោធន៍ ដ៏មានតម្លៃបំផុតរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅជូនប្រទេសជាមិត្តភក្តិជិតឆ្ងាយ ស្ថាប័ន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបានលើក ទឹកចិត្តនិងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋកម្ពុជា។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមលំឱនកាយវាចាចិត្ត គោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី និងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ សូមទ្រង់ព្រះមេត្តាជួយប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គបានប្រកបនូវព្រះរាជ សុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំសុខក្សេមក្សាន្តនៃប្រជាជនខ្មែរ ជាកូន ជាចៅ ចៅទួត របស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។

ព្រមជាមួយគ្នានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ថ្វាយសម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ សម្តេចព្រះមហា សង្ឃរាជនៃគណៈមហានិកាយ ថ្វាយនិងប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងសូមប្រសិទ្ធពរ បវរមហា ប្រសើរ ថ្វាយសម្តេច ព្រះអម្ចាស់ អ្នកអម្ចាស់ ជូនសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និយោជក និយោជិត កម្មករ ពាណិជ្ជករ អាជីវករ ប្រជាជនគ្រប់មជ្ឈដ្ឋាន ជនរួមជាតិក្នុងនិងក្រៅប្រទេស សូមទទួលបាននូវសិរីសួស្តី ជ័យមង្គល វិបុលសុខ និងប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

ជាទីបញ្ចប់ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់ទេវតាឆ្នាំថ្មី ទ្រង់ព្រះនាម គោរាគទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា គាំពារ និងប្រសិទ្ធពរជ័យ សិរីសួស្តីដល់ប្រជាជនខ្មែរគ្រប់រូប សូមឱ្យមាន សមានចិត្តជាកុសល យោគយល់គ្នា សន្តោសប្រណី រួបរួមសាមគ្គីជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិ អង្គរជាទីស្នេហា ប្រកបដោយសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរតរៀងទៅ៕

ដោយ ៖ សិលា


ចែករំលែក៖