ភ្នំពេញ ៖ ផ្លូវនានាដែល ត ភ្ជាប់ ពី ទីក្រុង ទៅតាមខេត្ត ពោរពេញ ដោយ យានជំនិះ គ្រប់ប្រភេទ ហើយផ្លូវខ្លះក៏ មានការ កកស្ទះ ផងដែរ ខណ: ដែល ប្រជាជនកម្ពុជានាំ គ្នាធ្វើ ដំណើរ ទៅកាន់ស្រុក កំណើតដើម្បី ប្រារព្ធពិធី បុណ្យចូលឆ្នាំ ខណៈទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក នឹងយាងចុះមកជម្ពូទ្វីបនាវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៤ និង៤៨ នាទីព្រឹក។ ទ្រង់មានព្រះនាម គោរាគៈទេវី ជារាជបុត្រីទី ២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គារបុស្ស អភរណៈ កែវមុក្តា ភក្សាហារទ្រង់តេលំ (ប្រេងធញ្ញជាតិ មានប្រេងសណ្តែក និង ប្រេងល្ងជាដើម) ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នងសេ្តចព្យាគ្ឃៈ (ខ្លា) ជាយានពាហនៈ។
សូមជម្រាបថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្ដក្រុងដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សម្រាប់ឆ្នាំនេះ លោក ឃួង ស្រេង សូមបញ្ចេញរថយន្ដក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សូមរៀបចំធ្វើដូចជារាល់ឆ្នាំ»។
សម្ដេចមហាបវរធិបតីបានបន្ថែមថា ចំពោះការបញ្ចេញរថយន្ដដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើននេះ តាមការដឹងឃើញថា បានជួយសន្សំប្រាក់ប្រជាពលរដ្ឋយ៉ាងច្រើន ជាក់ស្ដែងដូចប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគីរី ពីភ្នំពេញទៅមណ្ឌលគីរី ត្រូវចំណាយប្រាក់ចន្លោះពី៨-១០ម៉ឺនរៀល ឬច្រើនជាងនេះ ហើយចំពោះអ្នកខ្លះត្រូវទៅទាំងគ្រួសារ ដូច្នេះអាចចំណាយខ្ទង់១០០-២០០ដុល្លារ ប៉ុន្ដែនៅពេលដែលមានរថយន្ដក្រុង ដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយឥតគិតថ្លៃបែបនេះ គឺបានជួយសន្សំប្រាក់ដល់ពួកគាត់យ៉ាងច្រើន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «ឆ្នាំទៅមិញយើងបានដឹកជញ្ជូនប្រជាពលរដ្ឋជាច្រើនសែននាក់ ដើម្បីទៅស្រុកកំណើត ខ្ញុំពិតជាអរគុណច្រើនណាស់ ចំពោះការរៀបចំនាពេលកន្លងមក ដូច្នេះសម្រាប់ឆ្នាំនេះ សូមបន្ដរៀបចំបន្ថែមទៀត ទោះជាបានតិច ឬបានច្រើន យើងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ឆ្នាំនេះយើងនៅតែបន្ដការដឹកជញ្ជូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ ដោយជិះរថយន្តក្រុងសាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃបន្ដទៅទៀត»។
ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញបានបញ្ចេញឡានក្រុងដឹកប្រជាពលរដ្ឋចំនួន ៥៩៧ គ្រឿង៕
ដោយ ៖ សិលា