ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២៤ កម្ពុជាទទួលបាន ទេសចរអន្តរជាតិ ៦,៧លាននាក់ កើន ២៣ភាគរយ

ចែករំលែក៖

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា ៖ ចំនួនទេសចរ អន្តរជាតិក្នុងឆ្នាំ២០២៤បាន កើនឡើង ២៣ ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ មានន័យថា ៖ ក្នុងឆ្នាំ២០២៤កន្លងទៅ វិស័យ ទេសចរណ៍ ហាក់មានកំណើនឡើងវិញ ស្របពេលដែលទេសចរ អន្តរជាតិប្រមាណ ៦,៧លាននាក់ បានធ្វើដំណើរកម្សាន្តមក កាន់កម្ពុជា។

វិស័យទេសចរណ៍ ជាវិស័យមួយ ដែលជួយ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ច ពលរដ្ឋ នៅតាមមូលដ្ឋានដោយផ្ទាល់។ ជាក់ ស្ដែងក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបាន ទេសចរអន្តរជាតិប្រមាណ ៦,៧លាន នាក់ មានកំណើន ២៣ភាគរយធៀបនឹងឆ្នាំ ២០២៣។ ជាមួយគ្នានេះ ទេសចរជាតិក៏មាន កំណើនផងដែរ ពោលមានចំនួន ២២លាន ៥សែននាក់ មានកំណើន ២០ភាគរយ។

បើតាមរបាយការណ៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីចំណូល ដែល គ្រឹះស្ថាន អង្គរទទួលបានក្នុងឆ្នាំ២០២៤ គឺ មានប្រមាណ ៤៧,៨ លានដុល្លារ។ ចំណូល ទាំងនេះ បានមកពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិចំនួន ១ ០២៣ ៦៨៨នាក់។ ដោយឡែកចំណូលបានមកពីការ ផ្ដល់ ទិដ្ឋាការមានចំនួន ៥៦ ៥៨៧ ៨០៧ ដុល្លារផងដែរ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ១៧ ចំណុច ជំរុញប្រសិទ្ធភាពការងារទេសចរណ៍ ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន។ 

អនុសាសន៍ ទាំង ១៧ ចំណុច របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖

១. ត្រូវរួមគ្នាបន្ត រក្សាវត្តមាន ជាអចិន្ត្រៃយ៍ នៃសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក និងបានដាក់ចេញនូវពាក្យស្លោក «ទេសចរណ៍ រីកលូតលាស់ក្នុងសន្តិភាព»។

២. ក្រសួងទេសចរណ៍ ត្រូវសហការ ជាមួយ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងរដ្ឋបាល រាជធានី-ខេត្ត រៀបចំ ផែនការសកម្មភាព ពិពិធកម្ម កម្មវិធី ពិសេស តារាងព្រឹត្តិការណ៍ ឱ្យមាន ភាពសម្បូរបែប។

៣. ជំរុញការផ្សព្វផ្សាយគោលដៅ ទេសចរណ៍កម្ពុជា ជាគោលដៅ ទេសចរណ៍ភាពយន្ត។

៤. ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវបើកចិត្ត ឱ្យទូលាយ ក្នុងការទទួលមតិរិះគន់ ក្នុងន័យ ស្ថាបនា ដើម្បីកែសម្រួល និងកែលម្អ បរិយាកាសក្នុងការទទួលបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ។

៥. អភិបាលរាជធានី-ខេត្ត បន្ត ជំរុញ ការរៀបចំ គោលដៅ ទេសចរណ៍នៅក្នុង មូលដ្ឋាន របស់ខ្លួន ឱ្យមានលក្ខណៈស្តង់ដា និងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និងបង្កើតកញ្ចប់ទស្សនកិច្ច ខេត្តដែលមាន សក្តានុពលជាប់គ្នា។

៦. លើកទឹកចិត្ត ក្នុងការ ជំរុញ សកម្មភាព ការទូត ទេសចរណ៍ ដែលក្រសួង ទេសចរណ៍ និងក្រសួង ការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ត្រូវសហការគ្នា ជិតស្និទ្ធ ពាក់ព័ន្ធ ការងារនេះ។

៧. រៀបចំ ឱ្យមាន យន្តការ ស្ថាប័ន អន្តរការី ដើម្បី ជំរុញ ការផលិត ផលិតផល អនុស្សាវរីយ៍ ខ្មែរ និងការ តភ្ជាប់ ខ្សែច្រវាក់ នៃការផលិត នោះជាមួយ ទីផ្សារ និងភ្ញៀវទេសចរ។

៨. រួមគ្នា ផ្សព្វផ្សាយ ពីព័ត៌មាន ល្អៗ និងសក្តានុពល ទេសចរណ៍ របស់ កម្ពុជា។

៩. គាំទ្រ និងលើកទឹកចិត្ត ក្រសួង ទេសចរណ៍ ក្នុងការ រៀបចំ ផែនការ យុទ្ធសាស្ត្រ ជាតិអភិវឌ្ឍន៍ វិស័យ ទេសចរណ៍ ២០២៦-២០៣៥ និងត្រូវ បញ្ចប់ នៅដំណាច់ ឆ្នាំ២០២៥ នេះ។

១០. សូមវិស័យ ឯកជន ក្នុងវិស័យ ទេសចរណ៍ បន្ត ចូលរួម ឱ្យកាន់តែ សកម្ម ជាមួយ នឹងរាជរដ្ឋាភិបាល ក្នុងការ លើកកម្ពស់ វិស័យ ទេសចរណ៍។

១១. សូមឱ្យ មានការ គិតគូរ ជាកញ្ចប់ សម្រាប់ ការត្រៀមដាក់ ឱ្យដំណើរការ អាកាសយានដ្ឋាន អន្តរជាតិ តេជោ ក្នុងដំណាក់កាល ទី ១ នាអំឡុង ខែកក្កដា ឆ្នាំ២០២៥ ដើម្បីកុំឱ្យមានបញ្ហាណាមួយ កើតឡើង។

១២. ក្រសួងទេសចរណ៍ត្រូវសិក្សា លទ្ធភាព ក្នុងការរៀបចំយុទ្ធនាការ ឆ្នាំទស្សនា កម្ពុជា។

១៣. ក្រសួងទេសចរណ៍ ត្រូវសហការ ជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សា ផែនការធ្វើពិពិធកម្ម អភិវឌ្ឍ ផលិតផល ទេសចរណ៍ នៅខេត្តសៀមរាប និងតំបន់ ជុំវិញ ឱ្យកាន់តែ សម្បូរបែប ដើម្បី បង្កើន ភាពទាក់ទាញ និងពន្យារ ការស្នាក់នៅ របស់ ទេសចរ កាន់តែយូរ។

១៤. ក្រសួង ទេសចរណ៍ និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវផ្សារភ្ជាប់ គ្នាឱ្យ ជិតស្និទ្ធ ដើម្បី ធ្វើពិពិធកម្ម ផលិតផល ទេសចរណ៍។

១៥. ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវសម្រប សម្រួល ជាមួយ នឹងក្រុមហ៊ុន ទូរសព្ទ នានា ក្នុងប្រទេស ដើម្បី បង្ហោះ សារអំពី ទេសចរណ៍ ចូលក្នុង ប្រអប់សារ អ្នកប្រើប្រាស់ ដូចដែលបាន កំពុង អនុវត្ត ពាក់ព័ន្ធ បញ្ហា សុខាភិបាល គ្រឿងញៀន និង គ្រឿងស្រវឹង។ល។

១៦. លើកទឹកចិត្ត ឱ្យមាន ការរៀបចំ កញ្ចប់ ទស្សនកិច្ច ក្នុងតម្លៃ សមរម្យ សម្រាប់ សិស្ស-និស្សិត បុគ្គលិក ក្រុមហ៊ុន កម្មករ-កម្មការនី និង បុគ្គលិក ក្រៅប្រព័ន្ធ។

១៧. ក្រសួង ទេសចរណ៍ ត្រូវបន្ត យកចិត្ត ទុកដាក់ ខ្ពស់ ក្នុងការ បណ្តុះ បណ្តាល ជំនាញ វិជ្ជាជីវៈ ដល់បុគ្គលិក ដែលបម្រើការ ក្នុងវិស័យ ទេសចរណ៍ ៕ 

ដោយ ៖ សិលា


ចែករំលែក៖