ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកទឹកកកបើកបុកអ្នកដំណើរ ឱ្យរបួសធ្ងន់ ហើយរេចង្កូតទៅបុករះម៉ូតូ១គ្រឿងទៀត បណ្ដាលឱ្យកម្មកររោងចក្រពីរនាក់ប្ដីប្រពន្ធស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តតាកែវ៖ រថយន្ដដឹកទឹកកកមួយគ្រឿងបើកបុកមនុស្សកំពុងដើរឱ្យរបួសធ្ងន់ ហើយរេចង្កូតទៅបុករះជាមួយម៉ូតូចំនួន១គ្រឿងទៀតបណ្ដាលឲ្យពីរនាក់ប្ដីប្រពន្ធមួយគូជាកម្មករកម្មការិនីរោងចក្រស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០៥ តាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចទល់មុខប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជីខ្មារ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ។ 

    រថយន្តបង្កជាប្រភេទរថយន្តកូរ៉េដឹកទឹកកកអនាម័យរូបសញ្ញា អីវ៉ា ពាក់ស្លាកលេខ ភ្នំពេញ 2 BE1550 ពណ៌ ស ដែលអ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល។

    តាមប្រភពពីសមត្ថកិច្ចកនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ដំបូងឡើយរថយន្តខាងលើបានបើកបុកមនុស្សកំពុងដើរឱ្យរបួសធ្ងន់  ហើយរេចង្កូតទៅបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី ២០១៧ ពាក់ស្លាកលេខតាកែវ 1N 4315 បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត កម្មករ កម្មការិនី ពីរនាក់ប្ដីប្រពន្ធនៅកន្លែងកើតហេតុតែម្តង។

    បេីតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង ជនរងគ្រោះដែលស្លាប់ឈ្មោះ សែត កុសល អាយុ៣៨ (ប្ដី)និងប្រពន្ធឈ្មោះ មួង ស្រីឡាត់ អាយុ៤១ឆ្នាំ ទាំង២នាក់រស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ ហើយមុនពេលកើតហេតុពួកគាត់ បានដឹកគ្នាទៅបម្រើការងារនៅរោងចក្រ HC Global factory Co LTD ដែលមានអាសយដ្ឋាននៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។

    បច្ចុប្បន្ននេះ​ វត្ថុតាងទាំងរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចចរាចរនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង យកមករក្សាទុកនៅអធិការដ្ឋាន ក្រោយវាស់វែងធ្វើកំណត់ហេតុរួច ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖