ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ។ 

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ៖ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ខាងមុខនេះ ស្ថានភាពភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលគ្របដណ្តប់រាយប៉ាយនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាមួយនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ។ សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ រលកសមុទ្រ មាន កម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការវិវត្តប្រែប្រួល។

សូមសាធារណជនទទួលជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖