ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនពលរដ្ឋហ្វីលីពីនចំនួន២៦នាក់ ដែលកំពុងធ្វើការនៅកាស៊ីណូមួយកន្លែងទៅទីក្រុងម៉ានីលឡា

ចែករំលែក៖

ភ្នំពេញ ៖ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី លោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សហការជាមួយអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នឹងរៀបចំបញ្ជូនពលរដ្ឋហ្វីលីពីនចំនួន២៦នាក់ ដែលកំពុងធ្វើការនៅកាស៊ីណូមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ តាមជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ចេញពីភ្នំពេញ ទៅ ទីក្រុងម៉ានីលឡា ក្រោមការយកចិត្តទុកដាក់រៀបចំ និងចំណាយពីនិយោជកផ្ទាល់។ មូលហេតុនៃការ បញ្ជូនចេញជនជាតិហ្វីលីពីនទាំង២៦នាក់នេះ ធ្វើឡើងតាមសំណូមពររបស់ស្ថានទូតហ្វីលីពីន ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា។

ពលរដ្ឋហ្វីលីពីនទាំង២៦នាក់ បានធ្វើដំណើរមកកាន់កម្ពុជាដោយភាពត្រឹមត្រូវស្របច្បាប់ ដើម្បី ស្វែងរកការងារធ្វើដោយខ្លួនឯង គ្មានសញ្ញាណរងគ្រោះដោយអំពើជួញដូរមនុស្ស មានសេរីភាព និងរស់នៅល្អ ព្រមទាំងទទួលបានប្រាក់ខែទៀងទាត់។ បើទោះបីពួកគេមិនស្ថិតក្រោមស្ថានភាពគ្រោះថ្នាក់ ឬរងការគម្រាម កំហែងដោយនិយោជិត ដូចព័ត៌មានប្រឌិតដោយភាគីផ្សេងទៀត ក៏អាជ្ញាធរកម្ពុជាសម្រេចរៀបចំការ បញ្ជូនចេញ ស្របតាមការសំណូមពររបស់ស្ថានទូត។

អាជ្ញាធរកម្ពុជារីករាយស្វាគមន៍រាល់សំណើសុំកិច្ចសហការដែលត្រឹមត្រូវ និងប្រកបដោយការទទួល ខុសត្រូវខ្ពស់ ហើយក៏សង្ឃឹមយ៉ាងមុតមាំថាប្រជាជនហ្វីលីពីនទាំងនោះ ក្រោយពេលត្រឡប់ទៅដល់ប្រទេស កំណើតវិញនឹងមិនបន្តបង្កើតព័ត៌មានអកុសលផ្សេងៗ ធ្វើឱ្យភ័ន្តច្រឡំប៉ះពាល់ដល់កិត្តិយសកម្ពុជា។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន ៕ 

ដោយ ៖ សិលា


ចែករំលែក៖